
កូរ៉េខាងជើង៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ការត្រួតពិនិត្យទីតាំងតាមរយៈរូបភាពផ្កាយរណបបានបង្ហាញថា រ៉េអាក់ទ័រកម្លាំង ៥ មេហ្គាវ៉ាត់ត្រូវបានដាក់ឲ្យដំណើរការឡើងវិញនៅដើមខែកក្កដា បន្ទាប់ពីផ្អាកដំណើរការចាប់តាំងពីខែធ្នូឆ្នាំ ២០១៨ ។
ទោះយ៉ាងណាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានចង្អុលបង្ហាញថា ខ្លួនមិនអាចបញ្ជាក់ពីស្ថានភាពប្រតិបត្តិការនៃគ្រឿងបរិក្ខារ ដែលមានក្នុងរបាយការណ៍ ឬ“លក្ខណៈនិងគោលបំណងនៃសកម្មភាពដែលបានធ្វើឡើងនៅក្នុងនោះទេ” ។
IAEA ពឹងផ្អែកយ៉ាងខ្លាំងទៅលើរូបភាពផ្កាយរណប និងអ្វីដែលគេហៅថា “ព័ត៌មានប្រភពបើកចំហ” នៅក្នុងរបាយការណ៍របស់ខ្លួន ដោយសារអ្នកត្រួតពិនិត្យទីភ្នាក់ងារនេះ ត្រូវបានទីក្រុងព្យុងយ៉ាងបណ្តេញចេញក្នុងឆ្នាំ ២០០៩ ។
IAEA បាននិយាយថា ការបន្តកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ នឹងក្លាយជាការរំលោភយ៉ាងច្បាស់ ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារនេះ បានបន្ថែមថា សកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែជាបុព្វហេតុមួយ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ លើសពីនេះសូចនាករថ្មីនៃប្រតិបត្តិការម៉ាស៊ីនរ៉េអាក់ទ័រនិងមន្ទីរពិសោធន៍វិទ្យុសកម្ម គឺមានបញ្ហាយ៉ាងខ្លាំង។
IAEA បានអះអាងថា រោងចក្រចំហាយទឹកមួយដែលបម្រើឱ្យមន្ទីរពិសោធន៍វិទ្យុសកម្មដំណើរការបានប្រហែល ៥ ខែនៅដើមឆ្នាំនេះ ដោយបានបញ្ចប់នៅដើមខែកក្កដា៕