
ក្រិក៖ យ៉ាងហោចណាស់មានមនុស្ស ៤៧ នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីការប្រមូលផ្តុំគ្នាប្រឆាំងនឹងបទបញ្ជានៃការពារវ៉ាក់សាំង ធ្វើឲ្យមានការប៉ះទង្គិចជាមួយប៉ូលីសនៅទីក្រុងអាតែនប្រទេសក្រិក។
ប៉ូលីសបានដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ក្នុងគោលបំណងបំបែកហ្វូងមនុស្ស។ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង នៅខាងក្រៅសភាក្រិក កាលពីថ្ងៃអាទិត្យ ខណៈអ្នកតវ៉ាប្រមាណ ៧.៥០០ នាក់នៅទីលាន Syntagma Square ដោយខ្លះគ្រវីទង់ជាតិក្រិក ខ្លះស្រែកតាមពាក្យស្លោកនិង ទាមទារឱ្យផែនការធ្វើវ៉ាក់សាំងជាកាតព្វកិច្ចដល់អ្នកជំនាញសុខភាពទាំងអស់ចាប់ពីថ្ងៃទី ១ ខែកញ្ញា។
វីដេអូដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមបានបង្ហាញថា ក្រុមអ្នកតវ៉ាបានដុតភ្លើង និងគប់ដប ហើយមន្ត្រីបានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក។ ក្រុមបាតុករមួយចំនួនបាននាំយកគ្រឿងរបស់គ្រិស្តដូចជា ឈើឆ្កាងនិងរូបតំណាងមកជួបជុំគ្នា។ រូបភាពដែលត្រូវបានចែកចាយតាមអ៊ិនធរណេតបង្ហាញពីបាតុករម្នាក់លុតជង្គង់នៅមុខកាណុងបាញ់ទឹក ដោយប្រើរូបតំណាងព្រះយេស៊ូនិងម៉ារីជាខែល។
យោងតាម AFP ក្រុមបាតុករបានកាន់បដាដែលសរសេរថា “យើងមិនប្រឆាំងនឹងវ៉ាក់សាំងទេ ប៉ុន្តែប្រឆាំងនឹងហ្វាស៊ីសនិយម”។ អ្នកបើករថយន្តសង្គ្រោះបន្ទាន់ម្នាក់បានប្រាប់ទីភ្នាក់ងារAFPថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមន្ទីរពេទ្យឱ្យគាត់ឈប់សំរាកពីការងារ ដោយសារគាត់បានបដិសេធការចាក់វ៉ាក់សាំងការពារកូវីដ -១៩។
ជនជាតិក្រិក បានធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការរឹតត្បិត និងបទបញ្ជានៃការចាក់វ៉ាក់សាំងអស់រយៈពេលជាច្រើនសប្តាហ៍ជាប់ៗគ្នា។ ការប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យ បានធ្វើឡើងមុនថ្ងៃកំណត់ថ្ងៃទី ១ ខែកញ្ញា បន្ទាប់ពីការចាក់វ៉ាក់សាំងនឹងក្លាយជាកាតព្វកិច្ចសម្រាប់អ្នកជំនាញសុខភាពទាំងអស់ទាំងនៅក្នុងវិស័យឯកជននិងសាធារណៈ។អ្នកដែលបដិសេធមិនចាក់វ៉ាក់សាំង និងខកខានមិនបានចេញវិញ្ញាបនបត្របង្ហាញថា ពួកគេទើបជាសះស្បើយពីជំងឺកូវីដ -១៩ អាចត្រូវបានព្យួរការងារដោយគ្មានកំណត់៕