ភ្នំពេញ៖សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា ដែលហៅកាត់ថា Cam Tech បានប្រកាសផ្តល់អាហារូបករណ៍មិនបង់ថ្លៃសិក្សា ១០០% ចំនួន ៣៥កន្លែង សម្រាប់ការសិក្សាមួយចប់ថ្នាក់បរិញ្ញាបត្រលើមុខជំនាញ STEM ក្នុងឆ្នាំសិក្សា ២០២១ - ២០២២ សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។
ប្រភេទអាហារូបករណ៍ដែលទទួលបានអាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០%រួមមាន៖ អាហារូបករណ៍សម្រាប់ស្ត្រីលើជំនាញ STEM ចំនួន១០ កន្លែង,អាហារូបករណ៍សមធម៌សម្រាប់សិស្សមកពីបណ្តាខេត្តចំនួន១០ កន្លែង, អាហារូបករណ៍សម្រាប់សិស្សទូទៅចំនួន ១៥ កន្លែង។
មុខជំនាញដែលទទួលបានមានជាអាទិ៍ វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម,សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត,វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត,បច្ចេកវិទ្យាអប់រំ,ស្ថាបត្យកម្ម,ការរចនាផ្នែកខាងក្នុង។
ចំពោះលក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍ បេក្ខជន បេក្ខនារី ជាជនជាតិខ្មែរ និងបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (និទ្ទេសទាបបំផុត D) មានអាយុមិនលើស ២៥ឆ្នាំ បានឆ្លងការប្រឡងជ្រើសរើស និងសម្ភាសជាប់នៅសាកលវិទ្យាល័យ Cam Tech និង មានការប្តេជ្ញាចិត្តជានិស្សិតពេញម៉ោង និង ចូលរួមកម្មវិធីហាត់ការងារ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល បានសង្កត់ធ្ងន់ថា ការសម្រេចផ្តល់អាហារូបករណ៍មិនបង់ថ្លៃសិក្សា ១០០%នេះ ដើម្បីរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍធនធានដោយចីរភាពឆ្នាំ២០៣០ ស្តីពីការអប់រំនៅកម្ពុជា ក៏ដូចជាការគាំទ្រគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥៕
អ្នកឧកញ៉ា ពុង ឃាវសែបានជំរុញលើកទឹកចិត្តឲ្យយុវជន ងាកមករៀនជំនាញបច្ចេកទេស ដែលជាតម្រូវការខ្ពស់របស់ក្រុមហ៊ុនវិនិយោគត្រូវការអ្នកមានជំនាញបច្ចេកទេសមកបំពេញការងារ។ការជំរុញនេះបន្ទាប់ពីអ្នកឧកញ៉ាមើលឃើញថា មានក្រុមហ៊ុនបរទេសជាច្រើនត្រូវការអ្នកជំនាញខាងបច្ចេកទេស ហើយនៅកម្ពុជាមិនសូវសម្បូរនោះឡើយ ដែលធ្វើឲ្យក្រុមហ៊ុនវិនិយោគទាំងនោះបង្ខំចិត្ដ ទៅរកអ្នកជំនាញពីក្រៅប្រទេសមកវិញ ដែលមានតម្លៃថ្លៃ និងមិនបានធ្វើការងារបានជាប់លាប់នោះឡើយ ដែលនាំឲ្យរំខានដល់ចង្វាក់ផលិតកម្ម៕