
អាមេរិក៖ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញបញ្ជាឱ្យកងទ័ពអាមេរិកនៅបន្តស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរហូតដល់ជនជាតិអាមេរិកចេញអស់ពីទឹកដីអាហ្វហ្គានីស្ថាន។នេះបើយោងតាមកិច្ចសម្ភាសន៍របស់លោក ចូ បៃដិន ជាមួយទូរទស្សន៍ ABC។
លោក ចូ បៃដិន បានថ្លែងថា សហរដ្ឋអាមេរិកកំពុងព្យាយាមដកជនជាតិអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថានមុនថ្ងៃទី ៣១ ខែសីហា ប្រសិនបើការជម្លៀសមិនត្រូវបានបញ្ចប់ទេនោះ យោធាអាមេរិកនឹងបន្តនៅក្នុងប្រទេសរហូតដល់ជនជាតិអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញ។
ភាគីសហរដ្ឋអាមេរិកបានកត់សំគាល់ថា ក្រុមតាលីបង់បានរារាំងជនជាតិអាហ្វហ្កានីស្ថានមិនឱ្យទៅព្រលានយន្តហោះ ហើយទង្វើរបស់តាលីបង់បានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាមេរិក ហើយអាមេរិកកំពុងទំនាក់ទំនងជាមួយតាលីបង់។
គួរបញ្ជក់ថា បច្ចុប្បន្ននេះកងទ័ពអាមេរិកចំនួន ៤.៥០០ នាក់ ត្រូវបានដាក់ពង្រាយនៅអាកាសយានដ្ឋានកាប៊ុល ប៉ុន្តែបេសកកម្មរបស់យោធាអាមេរិក គឺដើម្បីធានាសុវត្ថិភាពព្រលានយន្តហោះ ហើយយោធាអាមេរិកមិនមានសមត្ថភាព ជួយសង្គ្រោះមនុស្សមួយចំនួនធំនៅខាងក្រៅអាកាសយានដ្ឋានបានទេ។
នៅថ្ងៃទី ១៨ សីហា យន្តហោះយោធាអាមេរិកបានដឹកមនុស្សប្រហែល ២.០០០ នាក់ ចេញពីអាហ្វហ្គានីស្ថានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយចំនួនមនុស្សដែលត្រូវបានជម្លៀស គឺនៅឆ្ងាយពីការរំពឹងទុក។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានអះអាងថា បច្ចុប្បន្ននៅតែមានជនជាតិអាមេរិកជាង១០.០០០ នាក់ជាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។កងទ័ពអាមេរិកដែលឈរជើងនៅអាហ្វហ្គានីស្ថាន ហើយបេសកកម្មយោធាអាមេរិកនៅអាហ្វហ្កានីស្ថាននឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា៕