
ភ្នំពេញ៖ ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅថ្ងៃទី ១៦ សីហា បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។ ស្ថានទូតចិនបានចាត់ទុកពហុកីឡាដ្ឋាននេះថា ជាការបង្ហាញពីអត្ថន័យសំខាន់នៃ“នាវាមិត្តភាព”រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។
បើតាមស្ថានទូតចិន គម្រោងខាងលើនេះមានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ។ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋានខាងលើនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនិងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។
រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”រវាងចិននិងកម្ពុជា៕


