
ចិន ៖ ចិនហាមឃាត់មិនឲ្យនាំចូលផ្លែមៀនរបស់ថៃដោយសារគុណភាពមិនស្របទៅតាមស្តង់ដារប្រទេសចិន។
យោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃបានឱ្យដឹងថា រដ្ឋាភិបាលចិនកាលពីពេលថ្មីៗនេះបានប្រកាសថា ខ្លួនបញ្ឈប់ការទិញផ្លែមានពីក្រុមហ៊ុនចំនួន៦៦ ដែលនាំចេញផ្លែមៀនរបស់ថៃ ចាប់ពីថ្ងៃទី ១៣ ខែសីហានេះតទៅ ហើយបម្រាមនេះបច្ចុប្បន្ននេះមិនទាន់ត្រូវបានប្រកាសថា នឹងត្រូវលុបចោលនៅពេលណានោះឡើយ។
ភាគីចិនបានអះអាងថា គុណភាពនៃការនាំចេញផ្លែមានពីប្រទេសថៃ គឺមានលក្ខណៈមិនស្របតាមស្តង់ដារនោះទេ ហើយមូលហេតុសំខាន់បំផុតនោះគឺ ភាគីចិនបានរកឃើញដង្កូវម្យ៉ាង ដែលមានឈ្មោះជាភាសាអង់គ្លេសថា mealybugs នៅក្នុងផ្លែមានរបស់ថៃ ដែលនាំចេញទៅកាន់ប្រទេសចិន។
ភាគីថៃបានបញ្ជាក់ថា ក្រោយការអនុវត្តបម្រាមនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការនាំចេញផ្លែមានរបស់ថៃ ពីព្រោះប្រទេសចិនគឺជាប្រទេសនាំចូលផ្លែមៀនធំជាងគេបំផុតរបស់ប្រទេសថៃ ហើយវាក៏នឹងជះឥទ្ធិពលដល់តម្លៃផ្លែមៀននៅក្នុងទីផ្សារក្នុងស្រុករបស់ប្រទេសថៃផងដែរ។
លោក សុង តឺ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃប្រទេសថៃបានមានប្រសាសន៍ថា បន្ទាប់ពីដឹងថាប្រទេសចិនបានហាមឃាត់ការនាំចូលផ្លែមៀនពីប្រទេសថៃរួចមក លោកបានស្នើឱ្យស្ថានពាណិជ្ជកម្មថៃប្រចាំនៅប្រទេសចិនចរចាជាមួយរដ្ឋាភិបាលចិន ដោយសង្ឃឹមថា ភាគីចិននឹងផ្អាករឺពន្យារពេលនៃការហាមឃាត់នេះ ពីព្រោះការសម្រេចរបស់ភាគីចិននេះ គឺភ្លាមៗពេក។ បើការចរចាគ្មានបានលទ្ធផលនោះទេ វាប្រាកដជានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការនាំចេញផ្លែមៀនរបស់ថៃ។
លោកនិយាយបន្តថា ការនាំចេញផ្លែមានរបស់ថៃទៅកាន់ប្រទេសចិន គឺមានចំនួនពី៧០ទៅ៨០ភាគរយនៃការនាំចេញផ្លែមៀនសរុប។ ហើយការងារបន្ទាប់នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃប្រទេសថៃនឹងកែសម្រួលផែនការនាំចេញផ្លែមៀនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយងាកទៅរកប្រទេសវៀតណាម កម្ពុជា ឥណ្ឌានិងទីផ្សារអាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលមានសក្តានុពលនាំចូលផ្លែមៀន៕