ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសម្រេចការសាងសង់ប្រមាណ ៦៤ភាគរយ ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២១។ នេះបើយោងការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។
សូមបញ្ជាក់ថា ទោះបីជាស្ថិតក្នុងអំឡុងពេលមានវិបត្តិការរីករាលដាលនៃជំងឺ COVID-19 ក៏ដោយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏ត្រូវបានគ្រប់គ្រងបាន និងអាចបន្តទៅមុខបានយ៉ាងរលូន។ លើសពីនេះ ក្រោយពេលសាងសង់រួចរាល់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុនេះ នឹងអាចក្លាយជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ ស្របពេលតែមួយ គម្រោងនេះ បានក្លាយទៅជាកន្លែងបណ្តោះបណ្តាលជំនាញសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាផងដែរ៕