
ភ្នំពេញ៖ ខេត្តនៅតាមព្រំដែននានា នៅថ្ងៃទី ១៣ សីហានេះ បានរៀបចំបើកទទួលយកពលករឡើងវិញហើយ។ការបើកនេះ ធ្វើឡើងក្រោយពីបម្រាមបិទខ្ទប់ខេត្តនៅតាមព្រំដែនចំនួន៨ បានបិទបញ្ចប់កាលពីថ្ងៃទី ១២ សីហា។តែយ៉ាងណា បើកទទួលឡើងវិញនេះ តាមខេត្តនីមួយការរឹតបន្ទឹងយ៉ាងយកចិត្តទុកដាក់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា»។
ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ ដឹងនាំដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាំកងកម្លាំងជួរមុខ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សម្រួលដល់ការយកសំណាកដល់ពលរដ្ឋដែលកក់ស្ទះនៅតាមព្រំដែនកម្ពុជា-ថៃ។ការយកសំណាកនិងពិនិត្យសុខភាពនេះ រៀបចំឡើងមុនសម្រេចបញ្ជូនពលរដ្ឋទៅតាមបណ្ឌលចត្តាឡីស័ករៀងៗខ្លួន តាមកំណត់របស់ខេត្ត។
យោងតាមរបាយការណ៍ ខេត្តបន្ទាយមានជ័យក្នុងក្នុងកំលុងពេលបិទខ្ទប់ព្រំដែនរយៈពេលពីរសប្តាហ៍កន្លងទៅនេះ កងកម្លាំងនៅព្រំដែនបានឃាត់ពលករ ឱ្យនៅសម្រាកបណ្តោះអាសន្ននៅព្រំដែន សរុបចំនួន ១៤៧នាក់ ប្រុស ៧៥នាក់ ស្រី ៧២នាក់ និងកុមា៤នាក់។
ចំណែកខេត្តកោះកុងវិញ ក៏បានចាប់ផ្តើមមើកទទួលពលរដ្ឋវិញផងដែរ តែខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមួយនេះ មិនសូវមានចំនួនពលរដ្ឋសម្រុកចូលមកច្រើននោះទេ ដោយក្នុង១ថ្ងៃមានប្រហែល៥ទៅ៦នាក់។នេះបើតាមប្រសាសន៍លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ថ្លែងប្រាប់ស៊ីស៊ីថាមស៍។
ក្រៅពីខេត្តខាងលើខេត្តមួយចំនួនផ្សេងទៀតនៅជាប់ព្រំដែនកម្ពុជា-ថៃ ក៏បានរៀបចំត្រៀមទទួលពលករខ្មែរវិលមកពីប្រទេសថៃផងដែរដោយអនុវត្តនូវវិធានការសុខាភិបាល និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ដើម្បីបើកទទួលពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តចំនួន៨ ដែលរួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាបរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩ កក្កដារហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១។ ការសម្រេចបិទខ្ទប់ជាបន្ទាន់នេះ គឺដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ១៩បំប្លែងថ្មីឈ្មោះដែលតាចូលទៅក្នុងសហគមន៍។ ក្រៅពីខេត្តទាំង៨នេះ រដ្ឋាភិបាលកម្ពុជាក៏បានតម្រូវឱ្យមានបិទព្រំដែនជាមួយនឹងប្រទេសថៃជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃផងដែរ ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ពីប្រទេសថៃ៕