
អុីស្រាអែល៖ ថ្នាំថ្មីរបស់ប្រទេសអុីស្រាអែលដែលមានឈ្មោះថា«EXO-CD24»អាចព្យាបាលអ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់ធ្ងរអោយជាសះស្បើយចេញពីមន្ទីរពេទ្យតែក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន《Jerusalem Post》របស់ប្រទេសអុីស្រាអែល។
សារព័ត៌មាននេះ បានរាយការណ៍ថា អ្នកជំងឺកូវីដ-១៩ដែលត្រូវបានព្យាបាលដោយប្រើថ្នាំថ្មីរបស់ប្រទេសអុីស្រាអែល ជាមធ្យមត្រូវការតែ៥ថ្ងៃប៉ុណ្ណោះនឹងជាសះស្បើយចាកចេញពីមន្ទីរពេទ្យបាន។ទិន្នន័យទាំងនេះ គឺត្រូវបានទទួលបន្ទាប់ពីមានការពិសោធន៍សាកល្បងលើកដំបូងនៃថ្នាំថ្មីដែលមានឈ្មោះថា “EXO-CD24 ”។
ថ្នាំនេះត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅឯមន្ទីរពេទ្យ Ichilov ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ២ នៅប្រទេសក្រិក ខណៈការសាកល្បងព្យាបាលដំណាក់កាលទី១ ត្រូវបានធ្វើឡើងនៅអុីស្រាអែលកាលពីរដូវរងារឆ្នាំមុន។
យោងតាមឯកសារ បានបញ្ជាក់ថា ការសាកល្បងដែលធ្វើឡើងនៅក្នុងមន្ទីរពេទ្យប្រទេសក្រិកបង្ហាញថា៖ ៩៣% នៃអ្នកជំងឺកូវីដធ្ងន់ធ្ងរអាចជាសះស្បើយ និងចេញពីមន្ទីរពេទ្យក្នុងរយៈពេល ៥ ថ្ងៃបន្ទាប់ពីលេបថ្នាំ “EXO-CD24 ”។ថ្នាំនេះអាចទប់ស្កាត់ និងប្រឆាំងវីរុសនៅក្នុងកោសិកា។
ស្ថិតិក៏បានបង្ហាញថា អ្នកជំងឺកូវីដ-១៩ប្រហែល ៥% បន្ទាប់ពីឆ្លងជំងឺរួចប្រហែល ៥ ទៅ ១២ ថ្ងៃនិងចាប់ផ្តើមយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។មូលហេតុចម្បងគឺមកពីប្រតិកម្មខ្លាំងពេកនៃប្រព័ន្ធភាពស៊ាំដែលត្រូវបានគេស្គាល់ថាវីរុសចូលនៅក្នុងកោសិការាង្គកាយ។
ក្រុមអ្នកស្រាវជ្រាវ បានសង្កត់ធ្ងន់ថា៖ ការសាកល្បងថ្នាំខាងលើ អាចនឹងត្រូវបានបញ្ចប់មុនដំណាច់ឆ្នាំនេះ ហើយការសម្រេចចិត្តផលិតនឹងត្រូវធ្វើឡើងដោយផ្អែកលើប្រសិទ្ធភាពចុងក្រោយ៕