Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ឯកឧត្តម ហ៊ុន ម៉ានី៖«យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទំនួលខុសត្រូវចំពោះជាតិ»

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។រូបភាព៖ Hun Many

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន។ក្នុងន័យនេះ ឯកឧត្តមចង់បញ្ជាក់ថា រាល់សមិទ្ធផលកម្ពុជាទទួលបានជាង ៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង២០ឆ្នាំចុងក្រោយនេះ គឺយុវជនត្រូវចេះតែរក្សា ការពារដោយទំនួលខុសត្រូវ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងនាមជាយុវជនខ្មែរមួយរូបរបស់ជាតិ គឺគួរតែស្គាល់ខ្លួនឯងអោយច្បាស់។អ្វីដែលកម្ពុជាបានឆ្លងកាត់ជាពិសេស ភាពជោគជ័យទៅលើរាល់ឧបសគ្គ និងបញ្ហាប្រឈមដែលក្នុងនាមជាសង្គមជាតិទាំងមូលយើងបានឆ្លងកាត់ការលំបាកដោយយើងខ្លួនឯងទម្រាំមកដល់ថ្ងៃ - យើងគួរតែមានមោទនភាពសម្រាប់ប្រទេសជាតិយើងផង។ 

បើតាមឯកឧត្តម ហ៊ុន ម៉ានី ការនាំប្រទេសមួយដែលខ្ទេចខ្ទាំដោយជម្លោះប្រដាប់អាវុធមកដល់កម្ពុជាបច្ចុប្បន្ន មិនអាចចាត់ទុកវាជារឿងធម្មតា ឬសាមញ្ញនោះទេ។ ដូច្នេះអ្វីដែលសម្រេចដោយមោទន គឺជាអ្វីដែលកម្ពុជាត្រូវចងចាំ និងប្រែក្លាយទៅជាកម្លាំង ឆន្ទៈ និងស្មារតីជឿថាខ្មែរធ្វើបាន ដើម្បីបន្តបេសកកម្មទៅមុខទៀត។ ពិតណាស់យើងបានសម្រេចការងារជាច្រើនតែអ្វីដែលការងារបន្តគឺនៅសេសសល់ច្រើនណាស់ ដើម្បីអនាគតរឹតតែប្រសើរឡើងរបស់ប្រទេសជាតិ និងប្រជាជនយើង។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា "រៀនគិត រួមយោបល់ រួមធ្វើ រួមទទួលខុសត្រូវ ដោយពិចារណាលើ ។ ពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ បង្កើនការយល់ដឹង និងភាពចាស់ទុំ ដោយជាអាទ៍ ស្វែងយល់ថា ការដឹកនាំ គ្រួសារមួយ ក្រុមហ៊ុនមួយ ស្ថាប័នមិនមែនរដ្ឋាភិបាលមួយ និងដឹកនាំប្រទេស តើមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ?ដាច់ខាត មិនត្រូវយកស្ថិរភាព និងសន្តិភាពសង្គមមួយទៅសាកល្បងនឹងអ្វីដែលយើងមិនដឹង និងអាចគ្រប់គ្រងដោយខ្លួនឯងឡើយ។"

ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា ប្រទេសកម្ពុជាបានសម្រេចការអភិវឌ្ឍមួយជាទីមោទន ប៉ុន្តែកម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាពដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀតតាមរយៈការវិនិយោគ ពង្រឹងសមត្ថភាពរបស់យើងក្នុងនាមជាជាតិមួយនៅលើវិស័យ ការពារជាតិ ការបរទេស សន្តិសុខជាតិ ធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សមត្ថភាពប្រកួតប្រជែងក្នុងការផ្តល់បរិយាកាសទាក់ទាញវិនិយោគពីក្រៅប្រទេសបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនដល់ប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ដែលជាមូលដ្ឋានមួយដ៏ធំសម្រាប់សេដ្ឋកិច្ចជាតិ និងការផ្តល់លទ្ធភាពបន្ថែមដល់រាជរដ្ឋាភិបាល ក្នុងការបែងចែកផលទាំងឡាយដល់សង្គមជាតិ មិនថាតាមរយៈការវិនិយោគសាធារណៈរបស់រដ្ឋ ឬគោលនយោបាយសង្គមកិច្ច ឬអាចនិយាយបានថាជំនួយពីរដ្ឋដល់ប្រជាជនដែលជួបការលំបាក និងងាយរងគ្រោះ។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា "ខ្ញុំក៏ដឹងថាមានអ្នកខ្លះទាំងខ្មែរ ទាំងបរទេសលើកឡើងគំនិតមួយចំនួនដែលទំនងហើយមានលក្ខណៈសាមញ្ញ តែគួរសួរថាតើគំនិតនេះអនុវត្តនៅក្នុងប្រទេសគេជាកញ្ចប់ ជាផ្នែក ឬគ្រាន់តែនិយាយថាបានអនុវត្តតែមិនមានសកម្មភាពជាក់លាក់នោះទេ។"

ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា បើដឹកនាំងាយស្រួល គ្រប់គ្នានៅក្នុងប្រទេសនីមួយៗ រៀងៗខ្លួន នឹងនៅដឹកនាំហើយមិនមែនមកផ្តល់យោបល់នៅក្រៅប្រទេស ហើយបើការដឹកនាំប្រទេសស្រួលគ្រប់ប្រទេសនៅលើលោកនឹងមានតែប្រទេសអភិវឌ្ឍន៍ និង មិនមានប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។

ឯកឧត្តមថា បើយើងចង់ឃើញកម្ពុជាដែលរឹតតែប្រសើរ ពោរពេញដោយ សុខសន្តិភាព ស្តិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាជនយើង តាមរយៈរៀនសូត្រហ្វឹកហាត់សមត្ថភាពខ្លួនបន្ថែមជាប្រចាំ ដោយស្វែងយល់ឲ្យច្បាស់ពីចារឹកសង្គម នយោបាយខ្មែរ។ ចូលរួមថែរក្សាដើមឈើ និងផ្លែដែលយុវជនជំនាន់មុនបានដាំ ហើយដែលបានផលថ្ងៃនេះដោយឆ្លងកាត់ការលំបាករាប់មិនអស់។ ចូលរួមជួយថែរក្សា និងស្រោចទឹកដើមឈើដែលថ្នាក់ដឹកនាំបានដាំដើម្បីទទួលផលបន្តនាពេលអនាគត។ ចូលរួមគិតថា ដើមអ្វីត្រូវដាំបន្តដើម្បីកម្ពុជាមានសមត្ថភាពរឹតតែរឹងមាំ ទោះព្យុះដែលចេញពីក្នុង ឬក្រៅប្រទេសគឺមិនប៉ះពាល់ដល់សង្គមជាតិរបស់យើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង