
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីន ភីង បាននិយាយនៅក្នុងវេទិកាអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង COVID-19 ថា ចិននឹងខិតខំផ្តល់វ៉ាក់សាំងការពារCOVID-19 ចំនួន ២ ពាន់លានដល់ពិភពលោកនៅឆ្នាំនេះ និងផ្តល់ប្រាក់ចំនួន ១០០ លានដុល្លារអាមេរិកដល់ COVAX ។
ប្រាក់ចំនួន ១០០ លានដុល្លារអាមេរិកដែលផ្ដល់ទៅឱ្យ COVAX នឹងផ្តោតសំខាន់ទៅលើការចែកចាយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រទេសចិននឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងការរីករាលដាលនៃCOVID-19នេះ។
លោកស៊ីបានមានប្រសាសន៍ថា ប្រទេសចិនបាន ប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍សុខភាពពិភពលោកសម្រាប់ទាំងអស់គ្នា ហើយបានផ្តល់វ៉ាក់សាំងដល់ពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសនេះ បានអនុវត្តយ៉ាងសកម្មនូវការផលិតរួមគ្នា ដែលបង្ហាញពីគំនិតនៃវ៉ាក់សាំង ជាទំនិញសាធារណៈពិភពលោក។
ប្រធានាធិបតីចិនបានសម្តែងក្តីសង្ឃឹមថា វេទិកានេះនឹងលើកកម្ពស់លទ្ធភាពទទួលបាននិងការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌នៅជុំវិញពិភពលោក ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងរួមចំណែកថ្មីសម្រាប់ជ័យជំនះដំបូងប្រឆាំងនឹងជំងឺរាតត្បាត។
នៅក្នុងកិច្ចប្រជុំកំពូលសុខភាពពិភពលោកនៅខែឧសភានេះ លោកស៊ីបានប្រកាស ពីវិធានការចំនួន ៥ ដើម្បីគាំទ្រសាមគ្គីភាពពិភពលោកប្រឆាំងនឹង COVID-19 រួមមាន សំណើបង្កើតវេទិកាអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងផលិតវ៉ាក់សាំងក្រុមហ៊ុននិងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីស្វែងយល់ពីវិធីលើកកម្ពស់ការចែកចាយវ៉ាក់សាំង ដោយយុត្តិធម៌និងសមធម៌នៅទូទាំងពិភពលោក៕