
ភ្នំពេញ៖ វ៉ាក់សាំង Oxford AstraZenecaចំនួន៤១៥.000ដូស ដែលជាជំនួយរបស់ប្រទេសអង់គ្លេសផ្ដល់ជូនកម្ពុជា នឹងដឹកមកដល់នាថ្ងៃស្អែកនេះ។
ប្រទេសអង់គ្លេស បានផ្ដល់ជំនួយវ៉ាក់សាំង Oxford AstraZeneca ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ស្អែកនេះ។
ស្ថានទូតអង់គ្លេស បានឱ្យដឹងថា វ៉ាក់សាំងគឺជាផ្លូវតែមួយគត់ ក្នុងការគេចចេញពីជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ដោយរំពឹងថា វ៉ាក់សាំងទាំងនេះនឹងជួយពង្រីកកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា ដូច្នេះប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានវ៉ាក់សាំងនិងមានសុវត្ថិភាពចាកផុតពី Covid-19។
សូមជម្រាបជូនថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca នៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ស្អែកនេះ។ហើយចំពោះការរិះគន់ ការចេញទទួលវ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួនទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្តេចចេញទទួលតែជំនួយទ្វេភាគីតែប៉ុណ្ណោះ៕