
កំពង់ស្ពឺ៖ សាច់ក្របីបង្កកចំនួន៣ កុងតឺន័រ ក្នុងចំណោម៥កុងតឺន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌាហើយមានផ្ទុកវីរុស SARS-Cov-2 ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី ២៨ កក្កដានេះ បានដុតកម្ទេចចោលរួចរាល់ហើយ។នេះបើយោងតាមឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺថ្លែងប្រាប់ស៊ីស៊ីថាមស៍។
ឯកឧត្តម វី សំណាង បានថ្លែងថា រដ្ឋបាលខេត្តនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកសាច់ក្របីក្លាស្សេ ចំនួន ៣ កុងតឺន័រ នាំចូលពីប្រទេសឥណ្ឌាមានផ្ទុកមេរោគកូវីដ១៩យកមកដុតបំផ្លាញចោល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ការដុតកម្ទេចចោលនេះ ធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតតាមវិធានការរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញសាច់ក្របីបង្កកចំនួន៣ កុងតឺន័រ ក្នុងចំណោម៥កុងតឺន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌាហើយមានផ្ទុកវីរុសSARS-Cov-2។សាច់ក្របីបង្កកទាំង៣កុងតឺន័រដែលមានផ្ទុកមេរោគកូវីដ-១៩នេះ គឺបាននាំចូលដោយក្រុមហ៊ុនASHARY INVESTMENT & CONSTRUCTION និងក្រុមហ៊ុន BOVINI FOOD។
សូមជម្រាបថា ការរកឃើញសាច់ក្របីបង្កកមានផ្ទុកមេរោគកូវីដ-១៩នេះ គឺបន្ទាប់ពីកម្ពុជា សម្រចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងៗ ដែលមានប្រភពពីប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១៕