
ភ្នំពេញ៖ ប្រទេសកម្ពុជា បានធ្លាក់លេខមកលេខទី៧ជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍(អាស៊ាន)។ ក្នុងចំណោមប្រទេសទាំង១០ នៃសមាគមអាស៊ាន កម្ពុជាមានចំនួនអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ លំដាប់ទី៧ នៅពីលើប្រទេសសិង្ហបុរី ក្រោយពីវៀតណាមលោតទៅលេខ៦ជាប្រទេសឆ្លងនិងស្លាប់ច្រើនដោយកូវីដ-១៩ នៅអាស៊ាន។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨១៩នាក់ (ឆ្លងសហគមន៌: ៣៩៦ និងនាំចូល: ៤២៣) និងមានជាសះស្បេីយ ៧១៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៧២៩២៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៦៥២៦៤នាក់ និង ស្លាប់ថ្មី ២៩នាក់ សរុបស្លាប់ ១២៨៣នាក់ ។
តាមរយៈតួលេខចុងក្រោយនេះ កម្ពុជាបានឈរនៅលំដាប់ទី៧ ពីលើប្រទេសសិង្ហបុរី ដែលធ្លាប់តែមានអ្នកឆ្លងច្រើនជាងកម្ពុជា ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩មក។ ប្រទេសសិង្ហបុរី គិតមកត្រឹមថ្ងៃម្សិលមិញ មានអ្នកឆ្លងសរុបចំនួន ៦៤០៥៤នាក់ និងស្លាប់សរុបតែ ៣៧នាក់ប៉ុណ្ណោះ។
តាមពីក្រោយដោយមានឡាវ និងប្រទេសព្រុយណេមានចំនួនអ្នកឆ្លងតិច ខណៈប្រទេសដែលកំពុងឆ្លងនិងស្លាប់ច្រើនបំផុតនៅតំបន់អាស៊ាន គឺប្រទេសឥណ្ឌូននេស៊ី ដោយមានអ្នកឆ្លងថ្មីជាង៤ម៉ឺន៥ពាន់នាក់ និងស្លាប់ថ្មីជិត១ពាន់៥រយនាក់ គិតត្រឹមថ្ងៃទី ២៥ កក្កដា ឆ្នាំ២០២១៕