
រូបភាព៖ ទូតអាមេរិក
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៣ កក្កដានេះ បានចេញមុខប្រកាសជាថ្មីថា រដ្ឋាភិបាលអាមេរិកកំពុងធ្វើការយ៉ាងជិតស្និត ដើម្បីផ្ដល់វ៉ាក់សាំង Johnson & Johnson មកកម្ពុជាដើម្បីចាក់ជូនប្រជាជនខ្មែរតាមគម្រោងយន្តការ COVAX។
បើតាមស្ថានទូតអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ ដោយបច្ចុប្បន្ននេះ ទូតអាមេរិកកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដោយនឹងផ្ដល់វ៉ាក់សាំងជាងមួយលានដូស តាមយន្តការ COVAX របស់អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៦៤,៥៥ ភាគរយហើយ បើធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕