
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធបានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ដែលប្រទេសនេះបានរាយការណ៍ចាប់តាំងពីការផ្ទុះឡើងនៃCOVID-19 ខណៈពេលដែលរដ្ឋាភិបាលនឹងបង្កើនកម្មវិធីចាក់វ៉ាក់សាំងប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែម។
ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា កាលពីថ្ងៃពុធបានកត់ត្រាករណីCOVID-19 ដែលបានបញ្ជាក់ថ្មីៗចំនួន ៣៣.៧៧២ ករណី និងអ្នកស្លាប់ ១.៣៨៣ នាក់ក្នុងមួយថ្ងៃ។ គិតត្រឹមថ្ងៃពុធនេះចំនួនករណីឆ្លងCOVID-19ក្នុងប្រទេសឥណ្ឌូណេស៊ីមានចំនួន ២,៩៨៣,៨៣០ នាក់ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៧.៥៨៣ នាក់ ។
ថ្មីៗនេះរដ្ឋាភិបាលបានសំរេចចិត្តពង្រីកការរឹតបន្តឹងរបស់ខ្លួនលើការចល័តប្រជាជន ដែលត្រូវបានគេហៅថាPPKM នៅលើកោះចាវ៉ាង មានតំបន់រមណីយដ្ឋាននៅកោះបាលី ក៏ដូចជាទីក្រុងនិងស្រុកចំនួន ១៥ ផ្សេងទៀត នៅខាងក្រៅកោះទាំងពីរនេះរហូតដល់ថ្ងៃទី ២៥ ខែកក្កដា។
ការរឹតត្បិតនេះតម្រូវឱ្យកម្មករនៅក្នុងវិស័យដែលមិនចាំបាច់ធ្វើការពីផ្ទះ ហើយកម្មវិធីចាក់វ៉ាក់សាំង COVID-១៩ ដ៏ធំមួយត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង ២៧០ លាននាក់ចាប់តាំងពីពាក់កណ្តាលខែមករា។
រដ្ឋាភិបាលកំពុងកំណត់គោលដៅចាក់វ៉ាក់សាំងចំនួន ២០៨,២ លាននាក់ ដោយប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនផលិតឱសថមួយចំនួន។ វ៉ាក់សាំងនេះមិនគិតថ្លៃសំរាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។
រដ្ឋាភិបាលឥណ្ឌូនេស៊ីនិយាយថា ខ្លួននឹងបន្តបង្កើនកម្មវិធីចាក់វ៉ាក់សាំងប្រចាំថ្ងៃពី ២០ ម៉ឺនដល់ ១ លាននាក់ ឬរហូតដល់១ លាន ៥ សែននាក់។ ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍បានទទួលការដឹកជញ្ជូនវត្ថុធាតុដើមថ្មី ពីប្រទេសចិនដើម្បីផលិតវ៉ាក់សាំងបន្ថែម។
គិតត្រឹមថ្ងៃព្រហស្បតិ៍យ៉ាងហោចណាស់មនុស្សចំនួន ១៦,៨៩ លាននាក់នៅក្នុងប្រទេសបានទទួលវ៉ាក់សាំងចំនួនពីរលើក។ ទន្ទឹមនឹងនេះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងលើកទី ១ ឈានដល់ ៤៣,១៥ លាននាក់៕