ឡាវ៖ រដ្ឋាភិបាលឡាវ បានបន្តអនុវត្តវិធានការបិទខ្ទប់ប្រទេស ១៥ថ្ងៃ បន្ថែមទៀត ដើម្បីការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និង បានបន្ធូរបន្ថយវិធានការមួយចំនួន។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ នៅថ្ងៃទី ២២ កក្កដានេះ។
យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍ រដ្ឋាភិបាលឡាវបានបន្ត អនុវត្តន៍វិធានការគ្រប់គ្រង ការពារ ការរាលដាលជំងឺកូវីដ-១៩ បន្ថែម ១៥ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបន្ធូរបន្ថយវិធានការមួយចំនួន។
វិធានការបន្តហាមឃាត់៖ - កន្លែងផឹកស៊ី កាស៊ីណូ ការ៉ាអូខេ ក្លឹបកម្សាន្ត ល្បែងគ្រប់ប្រភេទ រោងភាពយន្ត ហាមជួបជុំកុះករ ពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើដំណើរតាមរថយន្ត និងយន្តហោះបានទេ។ -បាល់ទាត់ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក្លឹបកីឡាប្រដាល់នៅតាមបណ្តាខេត្តដែលមានការរាលដាលក្នុងសហគមន៍។
វិធានការអនុញ្ញាតឲ្យបើកដំណើរការ៖ - ផ្សារទំនើប ផ្សារលក់ដុំ-លក់រាយ ផ្សាររាត្រី ផ្សារលក់ម្ហូបអាហារ កន្លែងដើរហាត់ប្រាណ នេសាទភោជនីយដ្ឋាន ហាងកាហ្វេ រមណីយដ្ឋានទេសចរណ៍ ហាងកាត់សក់ និងហាងកែសម្ផស្ស។ - រៀបចំកិច្ចប្រជុំក្រៅតំបន់ក្រហមមិនឲ្យមានអ្នកចូលរួមច្រើន បើកសាលារៀនគ្រប់កម្រិតសិក្សានៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យនៃការឆ្លងខ្ពស់។ - ក្លឹបកីឡាគ្រប់ប្រភេទ កន្លែងម៉ាស្សា (ទទួលសេវាកម្មតែបុគ្គលណាដែលបានទទួលវ៉ាក់សាំងកូវីដ-១៩គ្រប់ពីរដូស និងបើកត្រឹមម៉ោង០៨យប់) នៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យ នៃការឆ្លងខ្ពស់ មិនអនុញ្ញាតឲ្យលក់គ្រឿងស្រវឹង៕
