ភ្នំពេញ៖ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដែលជាជើងឯកកីឡាស្នូកឃ័រការ៉ុម Blue One Resort LPBA Championship ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េខាត្បូង បានប្តេជ្ញាថា នឹងព្យាយាមខិតខំប្រឹងប្រែងហាត់រៀនបន្ថែមពង្រឹងសមត្ថភាពយកឈ្នះការប្រកួត ដើម្បីបានថវិការង្វាន់ជ័យលាភី យកមកទិញម៉ាស់និងសម្ភារផ្សេងៗសម្រាប់ប្រជាជនខ្មែរតទៅទៀត។
ក្រោយពីជើងឯកកីឡាស្នូកឃ័រការ៉ុម Blue One Resort LPBA Championship ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េខាត្បូង កីឡាការិនី ស្រួង ភាវី បានយកប្រាក់រង្វាន់ ២០លានវ៉ុនស្មើនឹងជិត ១៨,០០០ដុល្លារដែលខ្លួនទទួលបានយកមកទិញម៉ាស់ និងសម្ភារផ្សេងៗប្រគល់ជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខ្វះខាតក្នុងពេលកូវីដ-១៩។
ម៉ាស់សប្បុរសធម៌ PHEAVY Q ម៉ាស់ នៅថ្ងៃទី ១៨ កក្កដានេះ បានទៅដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពយ៉ាងរលូន ដែលទទួលបន្ទុករក្សាដោយ សមាគមឧត្តមគតិកូនខ្មែរ ដើម្បីបែងចែកទៅតាមសហគមន៍ និងអង្គការនានានៅពេលបន្ទាប់ ក្នុងការចូលរួមចំណែកជួយទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ជាមួយរដ្ឋាភិបាលកម្ពុជា។
អមជាមួយនឹងរូបភាព កីឡាការិនី ស្រួង ភាវី បានថ្លែងថា "នាងខ្ញុំនឹងបន្តស្វែងរកដៃគូជំនួយនានានៅប្រទេសកូរ៉េខាងត្បូង និងព្យាយាមខិតខំប្រឹងប្រែងហាត់រៀនបន្ថែមពង្រឹងសមត្ថភាពយកឈ្នះការប្រកួតឱ្យបានច្រើន ដើម្បីបានថវិការង្វាន់ជ័យលាភី យកមកទិញម៉ាស់និងសម្ភារផ្សេងៗសម្រាប់ប្រជាជនខ្មែរតទៅទៀត។"
លោកស្រី ស្រួង ភាវី បានសង្កត់ធ្ងន់ថា ទោះបីជាការផ្ញើសម្ភារៈពីប្រទេសកូរ៉េមកកម្ពុជាមានការលំបាកខ្លះ តែលោកស្រីនៅតែអត់ធ្មត់ និងខំប្រឹងជានិច្ច ដើម្បីបានបញ្ជូនសម្ភារៈទាំងនោះដល់ដៃប្រជាពលរដ្ឋខ្មែរដែលខ្វះខាត ពិសេសអំឡុងវិបត្តិកូវីដ-១៩ ក៏ដូចជារដូវភ្លៀងផង ទើបលោកស្រីសម្រេចទិញម៉ាស់ និងថ្នាំសត្វល្អិតសម្រាប់បរិច្ចាគដល់គ្រួសារក្រីក្រ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផង និងបង្ការនូវជំងឺផ្សេងៗផង។
គួរបញ្ជាក់ថា ស្រួង ភាវី បានឈ្នះជើងឯកពានរង្វាន់ Blue One Resort Championship 2021 លើកដំបូងលើវិញ្ញាសាឯកត្ដជន ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិញស្វាញរយៈពេល ១សប្ដាហ៍ពេញនៅប្រទេសកូរ៉េកាលពីចុងខែមិថុនាកន្លងទៅ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងបានវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិតដើម្បីក្លាយជាម្ចាស់ពាន អមជាមួយប្រាក់រង្វាន់ ២០លានវ៉ុនស្មើនឹងជិត ១៨,០០០ដុល្លារ៕