
ភ្នំពេញ៖ អាជីវករនៅក្នុងផ្សារអូឡាំពិកទាំងអស់ត្រូវធ្វើតេស្តរកកូវីដ-១៩ឱ្យបានចំនួន២លើកជាមុនសិន ទើបទទួលបានសិទ្ធិចូលលក់ក្នុងផ្សារវិញបាន។ តេស្តលើកទី២នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិកចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ តទៅ។ នេះបើតាមការលើកឡើងរបស់ប្រធានគណៈកម្មការអូឡាំពិក បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
ប្រធានគណៈកម្មការអូឡាំពិក បានលើកឡើងថា ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មីក្នុងមូលដ្ឋានអាជីវកម្ម អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន។
លោកបន្តថា ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីសុវត្ថិភាពសាធារណៈ អាជីវករផ្សារអូឡាំពិកទាំងអស់ត្រូវបង្ហាញពីលទ្ធផលអវិជ្ជមានកូវីដ-១៩ពីការធ្វើតេស្តលើកទី២ ហើយដើម្បីសម្គាល់អាជីវករដែលបានធ្វើតេស្តលើក២រួចបាន គឺត្រូវមានត្រាសម្គាល់ពីមជ្ឈមណ្ឌលអូឡាំពិកបោះជូន ទើបអាចមានសិទ្ធចូលលក់ក្នុងផ្សារវិញបានជាធម្មតា។
មកទល់ពេលនេះ អាជីវករដែលបានទៅយកសំណាកលើកទី២គឺមានចំនួនតិចតួចនៅឡើយ ដូចនេះស្ថានភាពនៅក្នុងផ្សារគឺអនុញ្ញាតឱ្យបើកផ្សារតែ២ច្រកតែប៉ុណ្ណោះដើម្បីឱ្យអាជីវករដែលធ្វើតេស្តហើយមកមើលឥវ៉ាន់របស់ខ្លួន។
ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារអូឡាំពិកគឺមានតួនាទីពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនានាដូចជា ពាក់ម៉ាស វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម ដើម្បីរក្សាសិខសុវត្ថិភាពដល់អាជីករ ក៏ដូចជាមនុស្សនៅជុំវិញតំបន់មួយនេះ។ នេះបើតាមការលើកឡើងរបស់ប្រធានគណៈកម្មការអូឡាំពិក៕