Yearendyearend1140x150
Img 0571

ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/
ប្រភពរូប៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១៦កក្កដាបាន ធ្វើពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ ៣០គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់កម្ពុជា។នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។

ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។

រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។

លើសពីនេះទៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសថាជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង