ចិន៖ នារីជនជាតិខ្មែរម្នាក់ បានអំពាវនាវសុំកិច្ចអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋចិន ដើម្បីឱ្យជួយនាំរូបនាងត្រឡប់មកស្រុកកំណើតវិញ ក្រោយចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិន។នេះបើតាមសម្តីនារីរងគ្រោះបានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
នារីរងគ្រោះឈ្មោះ សឿន បុប្ផា បច្ចុប្បន្នអាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្តឹងត្រែង បានលើកឡើងតាមរយៈប្រអប់សារមកកាន់ស៊ីស៊ីថាមស៍ថា រូបនាងត្រូវបានចាញ់បោកមេខ្យល់ឱ្យមកធ្វើការនៅចិនអស់រយៈពេលជាងកន្លះឆ្នាំហើយបើគិតមកដល់បច្ចុប្បន្ននេះ ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១។
បុប្ផាបន្តថា ដោយសារតែជីវភាពគ្រួសារខ្វះខាត នាងក៏សម្រេចចិត្តព្រមទៅធ្វើការជាមួយមេខ្យល់ ដោយបានលួងលោមនាងជាច្រើនលើកច្រើនសារ ហើយបានប្រាប់ថា នាងនឹងទទួលបានប្រាក់ខែច្រើនបើសិននាងទៅធ្វើការនៅប្រទេសចិន។
បុប្ផាបានរៀបរាប់ថា បន្ទាប់ពីនាងទៅដល់ប្រទេសចិនតាមរយៈក្រុមការងារមេខ្យល់ភ្លាម នាងត្រូវបានគេដកហូតលិខិតឆ្លងដែន ទូរស័ព្ទ និងឯកសារផ្សេងៗ ហើយឱ្យនាងមានប្តី និងយកទៅរស់នៅជាមួយគ្រួសារជនជាតិចិនតូចមួយ។ បន្ទាប់ពីរស់នៅប្រទេសចិនបានរយៈពេលប្រមាណជា២ខែ គ្រួសារចិនដែលនាងរស់នៅជាមួយបានផ្តល់ទូរស័ព្ទមួយគ្រឿងឱ្យនាងប្រើវិញ ទើបនាងមានឱកាសប្រាប់ពីបំណងចង់ត្រឡប់មកស្រុកវិញតាមរយៈការផ្ញើសារមកកាន់ហ្វេសប៊ុកផេករបស់ស៊ីស៊ីថាមស៍។
នារីរងគ្រោះបន្តថា ខាងគ្រួសារដែលនាងរស់នៅជាមួយមិនបានធ្វើបាបនាងទេ ហើយគ្រួសារនោះក៏មានជីវភាពមិនសូវធូរធារដែរ។ បច្ចុប្បន្នរូបនាងមិនបានស្នាក់នៅផ្ទះនោះទេ ពីព្រោះនាងនិងប្តីជនជាតិចិននាងត្រូវរកកន្លែងធ្វើការ ហើយជួលបន្ទប់ស្នាក់នៅតូចមួយនៅជិតកន្លែងធ្វើការផងដែរ។
នាងបន្តថា ធ្វើការរាល់ខែមិនដែលបានលុយទេ គឺប្តីចិននាងតែងតែទុកលុយនាងជានិច្ច។ ដូចនេះនាងបានអំពាវនាវដល់ស្ថានទូតកម្ពុជាប្រចាំនៅចិនឱ្យជួយវិធានការដើម្បីនាំនាងទៅស្រុកកំណើតវិញ ដើម្បីបានជុំគ្រួសារ និងបានមើលថែម្តាយចាស់ជរានាងវិញ៕