
ជប៉ុន៖ ប្រតិបត្ដិការជួយសង្គ្រោះបានបន្តកាលពីថ្ងៃអាទិត្យ ចំពេលមានភ្លៀងធ្លាក់ខ្លាំង ដើម្បីស្វែងរកមនុស្ស ២០ នាក់ដែលនៅបាត់ខ្លួននៅក្នុងការរអិលបាក់ដីដ៏ធំមួយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតីទីក្រុងតូក្យូប្រទេសជប៉ុន។
គ្រោះមហន្តរាយនេះ បានកើតឡើងនៅម៉ោងប្រហែល ១០ និង ៣០ នាទីម៉ោងក្នុងស្រុក ក្នុងទីក្រុង Atami ក្នុងខេត្ត Shizuoka ដែលបណ្តាលឲ្យមនុស្ស២ នាក់ស្លាប់ យ៉ាងហោចណាស់ ៣ នាក់បានរងរបួសនិងខូចខាតផ្ទះចំនួន ១៣០ ខ្នង។
ផ្លូវថ្នល់ជាច្រើននៅក្នុងទីក្រុង ឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងចរាចរណ៍ដោយសារតែគ្រោះមហន្តរាយ។ ខណៈការផ្គត់ផ្គង់ថាមពលត្រូវបានបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែផ្នែកខ្លះនៅតែគ្មានទឹក។
កម្លាំងប៉ូលីសនិងកងកំលាំងស្វ័យការពារប្រមាណ ៧០០ នាក់រួមជាមួយក្រុមពន្លត់អគ្គីភ័យកំពុងធ្វើការស្រាវជ្រាវនៅAtami ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា មានភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងទុក ហើយបានព្រមានដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបាក់ដី ទឹកជំនន់ និងទឹកទន្លេ៕