
ចិន៖ យោងតាមលទ្ធផលនៃការពិសោធដំណាក់កាលទី១និងទី២បានបង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)គឺ មានសុវត្ថិភាពសម្រាប់កុមារ និងមនុស្សវ័យជំទង់។ ក្រុមអ្នកស្រាវជ្រាវនៃប្រទេសចិន កាលពីថ្ងៃទី២៨ខែមិថុនា បានចេញផ្សាយរបាយការណ៍ តាមទស្សនាវដ្តី《The Lancet》ដែលបានបញ្ជាក់ថា កុមារ និងមនុស្សវ័យជំទង់ពេលដែលទទួលវ៉ាក់សាំងស៊ីណូវ៉ាក់មិនត្រឹមតែមានសុវត្ថិភាពទេ ហើយអ្នកដែលទទួលវ៉ាក់សាំងនេះចំនួន២ដូស អាចជំរុញឱ្យមានអង្គទីគ័រ ប្រឆាំងនឹងជំងឺកូវីដ១៩បានថែមទៀតផង។
នេះគឺជាលទ្ធផលដែលបានធ្វើការពិសោធនៅក្នុងប្រទេសចិន មានការចូលរួមពីកុមារ និងក្មេងជំទង់អាយុចន្លោះពី៣ ទៅ ១៧ ឆ្នាំដែលមានសុខភាពល្អជាង ៥០០ នាក់។ លទ្ធផលនេះបានបង្ហាញទៀតថា ក្នុងចំនោមកុមារនិងមនុស្សវ័យជំទង់ដែលស្ម័គ្រចិត្ត ទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួនពីរដូស អត្រានៃបង្កើតអង្គទីគ័រគឺលើសពី៩៦%។ ចំណែកអ្នកដែលមានប្រតិកម្មមិនល្អ(អវិជ្ជមាន)វិញគឺគ្រាន់តែមានសភាពស្រាលឬមធ្យម ហើយភាគច្រើនបំផុតគឺមានការឈឺចាប់នៅកន្លែងចាក់វ៉ាក់សាំងប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវ បានជឿជាក់ថាលទ្ធផលនេះ គឺជាលទ្ធផលដ៏គាប់ប្រសើរ ប្រៀបដូចជាការលើកទឹកចិត្តឱ្យអនុវត្តជំហានបន្ទាប់ ដោយធ្វើការសាកល្បងទៅកាន់កន្លែងកាន់តែច្រើន និងចំនួនប្រជាជនកាន់តែច្រើន ដែលនេះគឺជាឯកសារយោងនិងជាទិន្នន័យដ៏មានតម្លៃសម្រាប់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ដល់ កុមារនិងមនុស្សដែលមានវ័យជំទង់។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវនៅតែយល់ថា ដំណាក់កាលនេះគឺគ្រាន់តែជាលទ្ធផលនៃការពិសោធន៍ ចំពោះអ្នកពាក់ព័ន្ធដែលមានចំនួនតិចតួចប៉ុណ្ណោះ ដែលវាត្រូវការវិភាគ និងផ្ទៀងផ្ទាត់ឱ្យបានស៊ីជម្រៅថែមទៀត៕