
ថៃ៖ ក្រុមអ្នកតាក់តែងច្បាប់កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តលើផែនការរបស់រដ្ឋាភិបាលក្នុងការខ្ចីប្រាក់ចំនួន ៥០០ ពាន់លានបាតបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិ Covid-19 នៅក្នុងប្រទេសថៃ។នេះបើយោងតាមសារព័ត៌មាន The Nation Thailand។
គេហទំព័រ The Royal Gazette បាននិយាយកាលពីសប្តាហ៍មុនថា ទឹកប្រាក់មិនលើសពី ៥០០ ពាន់លានបាតនឹងត្រូវបានខ្ចីដោយរដ្ឋាភិបាល ដើម្បីផ្តល់ជំនួយចាំបាច់និងសំណងដល់ប្រជាជននៅក្នុងគ្រប់វិស័យដែលរងគ្រោះដោយសាររលកថ្មីនៃកូវីដ១៩។
ប្រភពមួយបាននិយាយថា ថវិកាចំនួន ៥០០ ពាន់លានបាតនឹងត្រូវបែងចែកដូចជា ថវិកាចំនួន ៣០ ពាន់លានបាតសម្រាប់ទិញវ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងក្នុងស្រុក និងការចំណាយទាក់ទងនឹងវេជ្ជសាស្ត្រ។
ថវិកាចំនួន ៣០០ ពាន់លានបាតលើថវិកាជាសាច់ប្រាក់ដើម្បីសម្រួលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន។ ១៧០ ពាន់លានបាតលើការជំរុញសេដ្ឋកិច្ចបង្កើតការងារនិងបើកយុទ្ធនាការលើកកម្ពស់ការវិនិយោគដើម្បីជំរុញសេដ្ឋកិច្ចនៅពេលដែលការរីករាលដាលនៃកូវីដ១៩ត្រូវបានដោះស្រាយ៕