
ចិន៖ តើពេលណាទើបប្រជាជននៅលើពិភពលោកអាចចាប់ផ្តើមធ្វើទាក់ទងគ្នាជាធម្មតាវិញ? តើនាពេលអនាគតវ៉ាក់សាំងកូវីដ១៩នឹងត្រូវចាក់ជារៀងរាល់ឆ្នាំដូចវ៉ាក់សាំងផ្តាសាយមែនឬទេ? សំណួរនេះត្រូវបានឆ្លើយតបដោយក្រុមអ្នកជំនាញរបស់ប្រទេសចិន។
ឆ្លើយតបទៅនឹងបញ្ហាកង្វល់សាធារណៈនេះ នៅក្នុងវេទិការ Boao ដែលបានពិភាក្សាលើបញ្ហាសុខភាពពិភពលោក លោកចាង វិនហុង ប្រធានមជ្ឈមណ្ឌលជំងឺឆ្លងជាតិ និង ជាប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យហួរសានប្រទេសចិន បានផ្តល់ការវិនិច្ឆ័យចុងក្រោយរបស់គាត់ថា “នៅឆមាសទី២ឆ្នាំនេះ ប្រជាជននៅលើពិភពលោកមួយចំនួនធំអាចចាប់ផ្តើមឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយបានជាធម្មតាវិញ ប៉ុន្តែត្រូវភ្ជាប់លក្ខខណ្ឌមួយចំនួន”។
បើតាមអ្នកជំនាញចិនរូបនេះ បានអះអាងថា ប្រទេសចិននឹងអាចចាប់ផ្តើមប្រាស្រ័យទាក់ទងជាមួយប្រទេសដទៃនៅឆមាសទី១ឆ្នាំក្រោយ តែដោយភ្ជាប់លក្ខខណ្ឌ ក៏ប៉ុន្តែវាអាស្រ័យទៅលើល្បឿននៃការចាក់វ៉ាក់សាំង។
លោកបន្តថា នៅចុងបញ្ចប់តើយើងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ម្តងហើយម្តងទៀតឬយ៉ាងណា លោកមិនទាន់ហ៊ានឆ្លើតនោះទេ ដោយវាអាស្រ័យលើការវិនិច្ឆ័យចុងក្រោយថា បន្ទាប់ពីការចាក់វ៉ាក់សាំងនៅឆ្នាំនេះហើយនៅឆ្នាំទី២មានអ្នកឆ្លងជំងឺកូវីដ១៩ប៉ុន្មាននាក់?