Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គម្រោងពង្រីកផ្លូវជាតិលេខ៣នឹងបញ្ចប់ទាំងស្រុងក្នុងចុងខែមិថុនាឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកំពត (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ គិតរហូតមកទល់ពេលនេះ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដោយគ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពីពេលនេះតទៅ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ដោយឡែកស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពីពេលនេះតទៅ។

របាយការណ៍បង្ហាញថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង