
ភ្នំពេញ៖ ក្រោយពីមានអ្នកទោសមួយចំនួនមានវិជ្ជមានកូវីដ១៩ តាមពន្ធនាគារនៅទូទាំងប្រទេសបានដាក់វិធានការណ៍រឹតបន្តឹងការចេញ-ចូលពន្ធនាគារបន្ថែមទៀត។ ការឆ្លងនេះបណ្តាលមកពីការគ្រប់គ្រងការចេញចូលរបស់អ្នកជាប់ឃុំនិងមន្ត្រីពន្ធនាគារ។ នេះបើតាមការលើកឡើងរបស់លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។
លោក នុត សវនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា ក្រោយពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរមានសមត្ថកិច្ចសម្រេចផ្អាកការចូលសួរសុខទុក្ខអ្នកទោសជាបណ្តោះអាសន្ន ហើយចំពោះអ្នកជាប់ឃុំថ្មីត្រូវធ្វើចត្តាឡីស័កចំនួន២០ថ្ងៃជាមុនសិន មុននឹងចូលឃុំខ្លួនក្នុងពន្ធនាគារ។
លោកបន្តថា ក្រៅពីរឹតបន្តឹងការសួរសុខទុក្ខ ខាងមន្ត្រីមានសមត្ថកិច្ចក៏បានពង្រឹងបន្ថែមចំពោះសុវត្ថិភាពក្នុងពន្ធាគារ និងរឹតបន្តឹងការសុំច្បាប់របស់មន្ត្រីពន្ធនាគារផងដែរ ដោយមិនអនុញ្ញាតឱ្យសុំច្បាប់ទៅកន្លែងផ្សេងៗដែលមិនចាំបាច់នោះឡើយ។
ទន្ទឹមនឹងនេះ ដើម្បីបង្ការការឆ្លងកូវីដ១៩នៅក្នុងពន្ធនាគារ ខាងនាយកដ្ឋានពន្ធនាគារពុំទាន់មានវិធានការណ៍ថ្មីៗសម្រាប់កាត់បន្ថយភាពចង្អៀតណែននៅឡើយទេ គឺគ្រាន់តែមានការសម្អាតទីតាំងជាប្រចាំដោយប្រើសារធាតុក្លរ និងម្សៅសាប៊ូដែលមានកម្រិតpHខ្ពស់ដើម្បីសម្លាប់មេរោគតាមអាគារ និងនៅតាមសម្លៀកបំពាក់។ មួយវិញទៀត គឺការថែរក្សាអនាម័យរបស់អ្នកជាប់ឃុំ ដោយបន្តឹងលើការនាំចូលសម្ភារៈប្រើប្រាស់នានា។
លោកក៏បានបង្ហើបប្រាប់ថា លោកមិនហ៊ានធានាចំពោះការគ្រប់គ្រងស្ថានការណ៍ឱ្យប្រសើរឡើងវិញបាន១០០ភាគរយភ្លាមៗទេ ប៉ុន្តែទោះជាយ៉ាងណាក៏ខាងនាយកដ្ឋានពន្ធនាគារនៅតែបន្តការខិតខំដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងកូវីដ១៩នេះឱ្យមានភាពល្អប្រសើរឡើងតាមលទ្ធភាពដែលអាចធ្វើបាន៕