
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តបិទផ្សារដែលមិនទាន់មានរៀបរាបរយចំនួន០៧ទីតាំងដូចជាផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងកិច្ចប្រជុំពីការត្រួតពិនិត្យការងារក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ លើកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីការរៀបចំឱ្យដំណើរការផ្សាររដ្ឋឡើងវិញ ខណៈផ្សារដែលមិនទាន់មានសណ្ដាប់ធ្នាប់ចំនួនប្រាំពីរទីតាំងនឹងត្រូវបន្តបិទដដែល ដើម្បីបង្ការនូវការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩។
ឯកឧត្តម ឃួង ស្រេង បន្តថា ចំពោះផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេនះ លោកអភិបាល បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញ ត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់ និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារ និងផ្សព្វផ្សាយសារអប់រំ ពីការការពារការឆ្លងរាលដាលដ៏សាហាវនៃជំងឺកូវីដ១៩។
សូមជម្រាបជូនថា សាលារាជធានីភ្នំពេញ បានបើកឲ្យដំណើរការឡើងវិញចំពោះផ្សាររដ្ឋ និងផ្សាររៀបរយ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ ហើយការដាក់ឲ្យដំណើរការឡើងវិញ សំរាប់តែផ្សាររដ្ឋ ឬផ្សាររៀបរយប៉ុណ្ណោះ ហើយសម្រាប់ផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់ មិនអនុញ្ញាតឲ្យបើកទេ។
យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដកពិសោធន៍វាយតម្លៃ ពិចារណាលើការបន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត៕