
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន «១លានដូស»បន្ថែមទៀត ដែលរាជរដ្ឋាភិបាលបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ។ វ៉ាក់សាំងនេះ ជាវ៉ាក់សាំងលើកទី៥ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីចិន។
គួរបញ្ជាក់ថា «វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន»។
មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួចមកហើយ ក្នុងនោះមានវ៉ាក់សាំង ស៊ីណូហ្វាមជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧ លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ជាការបញ្ជាទិញពីចិន ២.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤ ០០០ដូស ជាជំនួយរបស់ខូវ៉ាក់(COVAX) តាមរយៈអង្គការសុខភាពពិភពលោក(WHO)។
គិតត្រឹមយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសសរុបចំនួន ២,២២៦,៤៤៦នាក់៕



