
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ឧសភានេះ បានចេញសារក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ត្រូវមានការការពារជាប្រចាំចំពោះជំងឺកូវីដ-១ឥ ខណៈដែលជំងឺនេះ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស ហើយលទ្ធភាពពីការបិទខ្ទប់នឹងវិលត្រឡប់មកវិញនៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ បើពលរដ្ឋមិនចូលរួម។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅថ្ងៃនេះថា "បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមកពលរដ្ឋមួយចំនួនចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ដូច្នេះពលរដ្ឋត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍។
អ្នកនាំពាក្យរូបនេះ បានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា កូនៗក្តី ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី និងស្វាមី-ភរិយាក្តី ចាំបាច់ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ ហើយត្រូវចងចាំថា ពេលត្រឡប់មកផ្ទះវិញ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា ដោយអនុវត្តវិធានការ “៣ការពារ និង៣កុំ” ដែលអាចជួយយើងបាន ឱ្យរួចផុតពីទុក្ខភ័យ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។
លោកជំទាវបានសង្កត់ធ្ងន់ថា ប្រសិនបើប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទានឡើងវិញ តាមបែបធម្មតា ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ “ធម្មតា តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះ មិនយូរមិនឆាប់ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាតនិងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។
ចាប់ពីស្អែកថ្ងៃទី២២ នេះតទៅ តំបន់លឿងនៅរាជធានីភ្នំពេញ នឹងត្រូវបិទបញ្ចប់បម្រាមគោចរ (អាចធ្វើដំណើរគ្រប់ពេលវេលាជាធម្មតា) ហើយអាជីវកម្មលក់ដូរចំណីអាហារ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងលក់ភេសជ្ជៈផ្សេងៗ អាចទទួលអតិថិជនអង្គុយហូបចុកនៅក្នុងហាងបាន។នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១៕