
ចិន៖ លោកវេជ្ជបណ្ឌិតជាន់ខ្ពស់ និងជាជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន បានថ្លែងថា នាថ្ងៃអនាគតការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩អាចនឹងធ្វើជាទៀងទាត់ ដូចគ្នានឹងការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ។
លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន និងជាអ្នកឯកទេសជំងឺផ្លូវដង្ហើមដ៏ល្បីឈ្មោះរបស់ប្រទេសចិន ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍CGTN កាលពីពេលថ្មីៗនេះ បានថ្លែងថា ប្រសិនបើផលប៉ះពាល់នៃជំងឺកូវីដ១៩ លើសុខភាពមនុស្សត្រូវបានកាត់បន្ថយបន្តិចម្តងៗ នោះការរួមរស់ជាយូរអង្វែងនៃវីរុសនេះ និងមនុស្សអាចនឹងកើតមានឡើង។
លោកវេជ្ជបណ្ឌិតថ្លែងថា “បើសិនជាដូច្នេះមែន យើងប្រហែលជាត្រូវចាក់វ៉ាក់សាំងការពារកូវីដជាទៀងទាត់ ដូចជាយើងត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយដូច្នោះដែរ។
តែយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត ចុង ណានសាន បានថ្លែងថា ដោយសារវីរុសកូវីដ១៩បំលែងថ្មីកំពុងផ្ទុះឡើងនៅក្នុងប្រទេសជាច្រើន ការវិវត្តន៍ជាក់លាក់ណាមួយត្រូវតែបន្តរង់ចាំមើលសិន៕