
ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកល្វាឯម ខេត្តកណ្តាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានប្រកាសដល់ប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រាដែលយកមេតាណុលមកលាយ (ហាមដាច់ខាត) ចៀសវាងផ្ដល់ប៉ះពាល់ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត។ ការអំពាវនាវនេះ ក្រោយពីហេតុការណ៍ស្លាប់នៅភូមិចំនួន២ នៅភូមិតាស្គរ និងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ការរាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកណ្តាល មានករណីស្លាប់បណ្តាលមកពីការពុលស្រា ចំនួន ២នាក់ បានកើតឡើងនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងត្រពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយនគរបាលស្រុកនគរបាល , ឃុំ មេឃុំ និងក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្តរហ័សដើម្បីរកវីរុសកូវីដ-១៩ ហើយលទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ។
ក្រសួងសុខាភិបាល បានប្រកាសបន្តថា នាយប់ថ្ងៃដដែល នេះក្រុមការងារបានបន្តការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសុខភាព និងស្លាប់ ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុងភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា ២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន ២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
ជាលទ្ធផលនៃការអង្កេតស្រាវជ្រាវ រកឃើញថា ករណីដំបូងបង្អស់កើតមាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្តើមឡើងដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាព ឡះឡះ ថប់ដង្ហើម ណែនទ្រូង ពិបាកដកដង្ហើមរីក ប្រស្រីភ្នែកសន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី០៨ ឧសភា ដល់ថ្ងៃទី១៩ ខែឧសភា គឺមានករណីស្លាប់សរុបចំនួន ១២នាក់ ជាពលរដ្ឋរស់នៅភូមិចំនួន២ គឺភូមិតាស្គរ និងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួលបាន សំណាកស្រា ២៨សំណាក ក្នុងនោះស្រាថ្នាំ ១៥សំណាក ស្រាស ១៣សំណាក ដែលមានសារធាតុមេតាណុល (Meta លើស កម្រិតធំជាង ០,៥ភាគរយ (>0,៥%) មានចំនួន ២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះ មិនត្រូវលើសពី ០,១% ឡើយ៕



ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកល្វាឯម ខេត្តកណ្តាល

ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកល្វាឯម ខេត្តកណ្តាល

ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកល្វាឯម ខេត្តកណ្តាល