អន្តរជាតិ៖ អ្នកតំណាងមកពីប៉ាឡេស្ទីននិងអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានស្តីបន្ទោសគ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះជម្លោះដែលកំពុងកើតឡើង ដោយការបើកជជែកដេញដោលគ្នាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ានេះធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ។
នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាដេញដោលលើ“ស្ថានភាពនៅមជ្ឈឹមបូព៌ារួមទាំងបញ្ហាប៉ាឡេស្ទីន” រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad al-Malki បាននិយាយថា អ៊ីស្រាអែលបានប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ខណៈដែលតំណាងអចិន្រ្តៃយ៍របស់អ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ Gilad Erdan បាននិយាយថា "ហាម៉ាសអនុវត្តការវាយប្រហារ ខណៈពេលដែលលាក់ខ្លួននៅពីក្រោយជនស៊ីវិលប៉ាឡេស្ទីន"។
លោក al-Malki បាននិយាយថា សេរីភាពរបស់ប៉ាឡេស្ទីនគឺជាមាគ៌ាតែមួយគត់ឆ្ពោះទៅរកសន្តិភាពហើយវាជាកាតព្វកិច្ចផ្នែកច្បាប់ និងសីលធម៌របស់ក្រុមប្រឹក្សាសន្តិសុខដើម្បីជួយសម្រេច។
តំណាងអចិន្រ្តៃយ៍របស់អ៊ីស្រាអែលលោក Erdan បាននិយាយថា ក្រុមហាម៉ាសបានបាញ់រ៉ុក្កែតទៅលើជនស៊ីវិលអ៊ីស្រាអែល ខណៈពួកគេកំពុងលាក់ខ្លួននៅពីក្រោយជនស៊ីវិលប៉ាឡេស្ទីន។ លោកបានព្រមានក្រុមប្រឹក្សាសន្តិសុខថា ប្រសិនបើជ្រើសរើសមិនធ្វើការថ្កោលទោសលើក្រុមហាម៉ាស លោកនឹងបំផ្លាញឱកាសនៃការសន្ទនាដើម្បីសន្តិភាព។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់អង្គប្រជុំថា បច្ចុប្បន្ននេះអរិភាពនៅតំបន់ហ្គាហ្សានិងអ៊ីស្រាអែល គឺគួរឱ្យរន្ធត់ណាស់ ដូច្នេះការប្រយុទ្ធត្រូវតែបញ្ឈប់ជាបន្ទាន់៕