ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញបន្ថែម ក្នុងគោលបំណងដើម្បីផ្ដល់ការចាក់វ៉ាក់សាំងទាំងអស់នោះ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមបន្ថែមទៀត ខណៈដែលវ៉ាក់សាំងនឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះដែរ សម្ដេច បានស្នើឱ្យគណៈកម្មការបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនប្រជាជនទាំងអស់ក្នុងតំបន់ក្រហមនោះ ជាពិសេសគឺជនពិការ ជនចាស់ជរា និងព្រះសង្ឃ ដោយកុំឱ្យមានការបារម្ភនឹងបញ្ហាខ្វះវ៉ាក់សាំង ព្រោះវ៉ាក់សាំងចំនួន ១លានដូសនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែនេះហើយ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ២០២១ កន្លងទៅ បានសម្រេចចិត្តបញ្ជាទិញ«វ៉ាក់សាំងស៊ីណូវ៉ាក់»របស់ប្រទេសចិនចំនួន ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា។នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕