
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ ឧសភា បានសម្រេចចិត្តបញ្ជាទិញ«វ៉ាក់សាំងស៊ីណូវ៉ាក់»របស់ប្រទេសចិនចំនួន៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា។នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងនៅថ្ងៃទី១១ ឧសានេះ លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១០ ឧសភា បានចេញនូវសេចក្តីសម្រេចទិញវ៉ាក់សាំងរបស់ប្រទេសចិនប្រភេទ ស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត។
បើតាមលោកជំទាវ យក់ សម្បត្តិ ការសម្រេចបញ្ជាទិញវ៉ាក់សាំងចិនបន្ថែមចំនួន៥លានដូសបន្ថែមពេលនេះនឹងធ្វើឱ្យផែនការវ៉ាក់សាំងរបស់កម្ពុជាកើនឡើងដល់២៦លានដូសសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរចំនួន១៣លាននាក់។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៨ មេសា បានសរសេរជាលិខិតមួយច្បាប់ដាក់ស្នើទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដើម«សុំទិញវ៉ាក់សាំង»ចិន ចំនួន៦លានដូសបន្ថែមទៀតនៅពេលខាងមុខនេះ។បច្ចុប្បន្នស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា កំពុងសម្របសម្រួលយ៉ាងសកម្មចំពោះការស្នើសុំរបស់សម្តេច ហ៊ុន សែននេះផងដែរ។