
ថៃ៖ រដ្ឋបាលក្រុងបាងកក (BMA) នៅថ្ងៃសុក្រ បានពន្យារពេលបិទខ្ទប់រហូតដល់ថ្ងៃទី ១៧ ខែឧសភាដោយវិធានការបិទខ្ទប់នេះគឺនៅលើអាជីវកម្មនិងកន្លែងសាធារណៈមួយចំនួន ដែលមានហានិភ័យខ្ពស់នៃការរីករាលដាល Covid-19 ខណៈករណីឆ្លងថ្មីជាង ២.៤០០ ករណីនិង ស្លាប់ ១៩ ករណី។ នេះបើយោតាមសារព័ត៌មាន The Nation Thailand ។
នៅថ្ងៃសៅនេះ អាជ្ញាធរថៃបានរាយការណ៍ពីករណី Covid-19 បានបន្តកើនឡើង ដោយមានអ្នកឆ្លងថ្មីចំនួន ២.៤១៩ នាក់ និងចំនួនអ្នកស្លាប់បានធ្លាក់ចុះពី ២៧ ករណីកាលពីថ្ងៃសុក្រ មកត្រឹម ១៩ ករណីនៅថ្ងៃនេះ។ វាជាចំនួនខ្ពស់បំផុតទី ៣ ក្នុងមួយថ្ងៃនៅប្រទេសថៃចាប់តាំងពីមានការផ្ទុះឡើងនៃកូវីដ១៩កាលពីឆ្នាំមុន។
មុននេះទីក្រុងបាងកក បានដាក់វិធានការបិទខ្ទប់ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី ៩ ឧសភា ឬរហូតដល់ស្ថានភាពប្រសើរឡើង។ ប៉ុន្តែ BMA បាននិយាយថា នៅពេលដែលចំនួនអ្នកឆ្លងថ្មីកំពុងតែកើនឡើងនៅក្នុងខេត្ត គណៈកម្មការបានសំរេចពន្យារពេលរហូតដល់ថ្ងៃទី ១៧ ខែឧសភាវិញ។ ដោយការផ្លាស់ប្តូរនេះ គឺធ្វើតាមអនុសាសន៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង៕