
ចិន៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃសុក្រទី ៧ ឧសភានេះ បានប្រកាសអនុម័តទទួលស្គាល់វ៉ាក់សាំងការពារកូវីដ-១៩របស់រដ្ឋចិន Sinopharm សម្រាប់ប្រើប្រាស់ជាបន្ទាន់។
វ៉ាក់សាំង Sinopharm ជាវ៉ាក់សាំងធំមួយក្នុងចំណោមថ្នាំចិនចំនួន ២ ដែលត្រូវបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់នៅក្នុងប្រទេសចិន និង នៅបរទេស។ការទទួលស្គាល់នេះ វាក្លាយជាវ៉ាក់សាំងទី ១ ដែលត្រូវបានបង្កើតឡើងដោយប្រទេសមិនមែនលោកខាងលិច ដើម្បីទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក WHO ។
លោក Tedros Adhanom Ghebreyesus ជាប្រធានអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានថា "អង្គការសុខភាពពិភពលោកWHO បានផ្សម្រេចចុះបញ្ជីជាបន្ទាន់នូវវ៉ាក់សាំង Sinopharm របស់ទីក្រុងប៉េកាំងដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៦ ដើម្បីទទួលបានសុពលភាពសុវត្ថិភាព សម្រាប់សុខភាពប្រសិទ្ធភាព និងគុណភាព" ។លោក Tedros បានណែនាំវ៉ាក់សាំង Sinopharm ចំនួនពីរដងសម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
គួរបញ្ជាក់ថា នេះក៏ជាលើកទីមួយហើយដែលអង្គការសុខភាពពិភពលោក បានផ្តល់ការអនុញ្ញាតអោយប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងចិនសម្រាប់ជំងឺកូវីដ-១៩។ការចុះបញ្ជីបន្ទាន់នេះ គឺនឹងអនុញ្ញាតឱ្យ វ៉ាក់សាំង Sinopharm ចាក់បញ្ចូលទៅក្នុងកម្មវិធី COVAX ដែលជាកម្មវិធីសកល ដើម្បីផ្តល់វ៉ាក់សាំងជាចម្បងសម្រាប់ប្រទេសក្រីក្រ ខណៈប្រទេសអ្នកមានមួយចំនួននៅលោកខាងលិចកំពុងដណ្តើមវ៉ាក់សាំងគ្នា៕