
ភ្នំពេញ៖ រយៈពេល២ខែដំបូងនៃឆ្នាំ ២០២១ ការនាំចេញសាច់ក្របីពីឥណ្ឌាមកកម្ពុជា បានឈានដល់ ៩,៣២ លានដុល្លារ ហើយរំពឹងថានឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំខាងមុខ។ តួលេខនេះបានបង្ហាញនៅក្នុងកិច្ចប្រជុំតាមវីដេអូអនឡាញស្តីពីអ្នកទិញ-អ្នកលក់ (BSM) សាច់ក្របី និង សាច់ផ្សេងទៀតដែលនាំចូលពីប្រទេសឥណ្ឌា និងការនាំចូលពីកម្ពុជា។
អគ្គរាជទូតប្រទេសឥណ្ឌា លោកស្រី Devyani Khobragade បានឱ្យដឹងថា ក្រុមហ៊ុនប្រទេសឥណ្ឌានឹងអាចផ្គត់ផ្គង់សាច់ដែលមានគុណភាពល្អ និងផលិតផលសាច់ផ្សេងៗដល់ប្រទេសកម្ពុជានៅក្នុងតម្លៃកាន់តែទាប និងបង្កើនចំណែកទីផ្សាររបស់ខ្លួន ហើយកាន់តែរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំសភាពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធនានា បានសម្តែងការពេញចិត្តចំពោះព្រឹត្តិការណ៍រួមគ្នាលើកដំបូងដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌា ដោយមានការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ហើយប្តេជ្ញាចិត្តថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តកើនឡើងថែមទៀត។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាទីផ្សារដ៏ធំមួយនៃការផ្គត់ផ្គង់សាច់ក្របី និងអាហារនានា ហើយប្រទេសកម្ពុជា បាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌាក្នុងតម្លៃ ១៧,៧ លានដុល្លារកាលពីឆ្នាំ២០២០ កើនឡើងពី ៦,៤ លានដុល្លារធៀបនឹងឆ្នាំ ២០១៩។
ប៉ុន្តែប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានដាក់ការហាមឃាត់មិនកំណត់ពេលវេលាណាមួយលើការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងៗទៀតមកពីប្រទេសឥណ្ឌាដែលចាត់ទុកជាហានិភ័យខ្ពស់ក្នុងការចម្លងកូវីដ១៩មកកម្ពុជា នៅគ្រាដែលប្រទេសនេះកំពុងផ្ទុះរាលដាលកូវីដ១៩យ៉ាងធ្ងន់ធ្ងរបំផុតជាងគេលើពិភពនៅរយៈពេលចុងក្រោយនេះ៕