ភ្នំពេញ៖ យុវជន រដ្ឋា អាយុ ២១ មានស្រុកកំណើតនៅស្រុកកោះ ខេត្តកណ្តាល។ លោកជាអតីតសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កោះធំ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៦។ បច្ចុប្បន្ន រដ្ឋា ជានិស្សិតអាហារូបករណ៍ ឆ្នាំទី២ សិក្សាផ្នែកសំណង់ស៊ីវិល នៅ Beijing University of Technology។
រដ្ឋា បានស្គាល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈសិស្សច្បងដែលរៀននៅវិទ្យាល័យ ហ៊ុន សែន កោះធំ ជាមួយគ្នា។ ដោយសារតែខ្លួនមានបំណង់ចង់ប្រឡងអាហារូបករណ៍ រដ្ឋា តែងតែសាកសួរព័ត៌មានពីសិស្សច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍នេះ អំពីការដាក់ពាក្យ និងការប្រឡង។ ទន្ទឹមនឹងនេះ រដ្ឋា ក៏មានគន្លឹះ និងវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការប្រឡងមួយនះដែរ។
គន្លឹះសំខាន់ៗ ដែល រដ្ឋាបានអនុវត្ត ហើយទទួលបានជោគជ័យក្នុងការប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលចិននោះរួមមាន ទី១ គឺការតាំងចិត្ត ថាយើងពិតជាចង់ទៅសិក្សានៅប្រទេសចិនមែន។ មិនមែនគ្រាន់តែចង់មួយឆាវ ហើយមិនមានការតាំងចិត្តនោះទេ ពោលគឺត្រូវតែមានសេចក្តីក្លាហានមោះមុត ហ៊ានឈោងចាប់ក្តីស្រម៉ៃ។ ទី២ គឺការខិតខំប្រឹង តស៊ូរៀនសូត្រ ទោះបីពេលខ្លះមានការហត់នឿយលំបាកក្តី ក៏យើងមិនត្រូវចុះចាញ់នឹងឧបសគ្គទាំងនោះដែរ។ ទី៣ នោះគឺ ការអនុវត្ត តាមរយៈការមើលមេរៀន ព្រមទាំងការធ្វើលំហាត់លើមុខវិជ្ជា គណិតវិទ្យា និងភាសាអង់គ្លេសឲ្យបានច្រើន។
រដ្ឋា ប្រាប់ថា «ខ្ញុំធ្វើតាមបីគន្លឹះនេះជារៀងរាល់ថ្ងៃ រហូតដល់ខ្ញុំប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលចិន។ ការខិតខំរបស់ខ្ញុំគឺពិតជាទទួលបានលទ្ធផលផ្លែផ្កាមែន។»
យុវជន រដ្ឋា បានបន្ថែមទៀតថា «ចំពោះអ្នកមានបំណងចង់ប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន គួរត្រៀមខ្លួនឲ្យបានល្អ បើមានចម្ងល់ទាក់ទងនឹងបញ្ហាផ្សេងៗ អាចសាកសួរសិស្សច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍នេះ។»