Cctimesw1140xh150cm copy

អ្នកជំងឺកូវីដជាស្រ្តីម្នាក់នៅខេត្តសៀមរាបត្រូវបានព្យាបាលឱ្យជាសះស្បើយ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ស្រ្តីម្នាក់វ័យ ៣៨ឆ្នាំ មានជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ។ 

ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ជាស្រ្តី ១នាក់ មានឈ្មោះថា «តាន់ ចាន់ថន» អាយុ ៣៨ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យ បានអនុញ្ញាតឱ្យអ្នកជាសះស្បើយ ចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

ជាមួយគ្នានេះ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០នាក់ និងបានព្យាបាលជាសះស្បើយចំនួន ១២នាក់ នៅ«សល់ ៨នាក់»ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និង សូមចូលរួមយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕

 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង