Cc times  web banner kh

«ប្រាសាទភ្នំក្រោម»ជម្រើសទស្សនាថ្ងៃរះនិងថ្ងៃរៀបលិច និងទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនាមិនចេះដាច់ ពិសេសភ្ញៀវទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច ដ៏ស្រស់ស្អាតបាន ផងដែរ។ ជាពិសេស ទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ វាលស្រែប្រាំង របស់កសិករនៅជុំវិញ និងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូកឬកាណូតបន្លឺឡើងមិនចេះដាច់ ដោយប្រជានេសាទរស់នៅក្បែរៗនោះ។ ប្រាសាទភ្នំក្រោម មានទីតាំងស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប និងមានចម្ងាយប្រមាណ១២គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប។

ភ្នំក្រោម ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាជាហូរហែរ ដោយសារទីនោះ មានចំងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល១២គីឡូម៉ែត្រប៉ុណ្ណោះ។ ភ្ញៀវទេសចរដែលបានឡើងមកដល់ប្រាសាទភ្នំក្រោម នឹងទទួលបានអារម្មណ៍ស្រស់ស្រាយមួយបែប ដោយអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់ស្អាត និងផ្លាស់ប្តូរតាមរដូវកាល។ ភ្ញៀវទេសចរ នឹងមើលឃើញផ្ទៃមេឃបញ្ចេញពន្លឺព័ណ៌មាសក្រហមឆ្អៅ ប្រសិនបើអាកាសធាតុអំណោយផលល្អ និងមិនមានភ្លៀងធ្លាក់។ ប្រសិនបើមានភ្លៀងធ្លាក់ ឬមេឃស្រទុំ នឹងមើលឃើញផ្ទៃមេឃខៀវស្រងាត់គួរជាទីគយគន់។

នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលអាចទាក់ទាញទេសចរទៅទស្សនាមិនចេះដាច់ ព្រោះថាក្រៅប្រាសាទបុរាណនៅលើភ្នំ អ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាន នាបរិវេណផ្នែកខាងកើតប្រាសាទ(ក្រជោម) និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិច យ៉ាងស្រស់ស្អាតអមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប នៅខាងក្រោយប្រាសាទ(ផ្នែកខាងលិច)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង