សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១៦ កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន១២០នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ៤៩នាក់ បានជាសះស្បើយផងដែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ពលរដ្ឋដែលវិជ្ជមានភាគច្រើនឆ្លងចេញពីទីតាំងដែលមានការជួបជុំប្រមូលផ្ដុំច្រើនដូចជាផ្សារ ឆ្លងតាមរយៈការធ្វើដំណើរ ឆ្លងពីអ្នកជំងឺផ្ទាល់ និងមានករណីខ្លះគ្រាន់តែជាការសង្ស័យតែគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។
យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ៤៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨៣១នាក់ បានព្យាបាលជាសះស្បើយចំនួន១១០៩នាក់ ស្លាប់២៦នាក់ និង១៦៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕