សៀមរាប៖ ខេត្តសៀមរាប ប្រកាសរកឃើញប្រជាពលរដ្ឋចំនួន៩៤នាក់វិជ្ជមានកូវីដ១៩ ខណៈមានអ្នកជាសះស្បើយ១៥នាក់ និងមានអ្នកស្លាប់ចំនួន០១នាក់។
បើតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥នាក់ និងករណីស្លាប់ចំនួន១នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
តាមប្រភពដដែល ពលរដ្ឋដែលវិជ្ជមានភាគច្រើនឆ្លងចេញពីទីតាំងដែលមានការជួបជុំប្រមូលផ្ដុំច្រើនដូចជាផ្សារ ឆ្លងតាមរយៈការធ្វើដំណើរ ឆ្លងពីអ្នកជំងឺផ្ទាល់ និងមានករណីខ្លះគ្រាន់តែជាការសង្ស័យតែគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។
យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ១៥ នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣២១៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៣៧៦នាក់ ស្លាប់២៧នាក់ និង១៨១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕