
មីយ៉ាន់ម៉ា៖ ក្រុមជនជាតិភាគតិចមួយក្រុម បានវាយប្រហារនិងដុតបំផ្លាញមូលដ្ឋានយោធាមួយនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ាក្បែរព្រំដែនជាមួយខេត្ត Mae Hong Son ប្រទេសថៃនៅព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដែលបណ្តាលឱ្យមានការបះបោរ និងបានឃើញកងកម្លាំងសន្តិសុខកើនឡើងសម្រាប់ការបង្ក្រាបយ៉ាងសាហាវប្រឆាំងនឹងក្រុមបាតុករ។
ចលនាប្រឆាំងរដ្ឋប្រហារបានទទួលការគាំទ្រយ៉ាងទូលំទូលាយនៅទូទាំងប្រទេសរួមទាំងក្រុមបះបោរប្រដាប់អាវុធមួយចំនួន ដែលបានប្រយុទ្ធប្រឆាំងនឹងយោធា ដើម្បីស្វ័យភាពបន្ថែមទៀត។ ក្រុមមួយក្នុងចំណោមអ្នកប្រឆាំងខ្លាំងបំផុត គឺសហភាពជាតិខារេន (Karen National Union) បានប៉ះទង្គិចគ្នាជាមួយយោធានៅក្នុងទឹកដីរបស់ពួកគេ នៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនសប្តាហ៍។
នៅថ្ងៃអង្គារ៍នេះ ការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅក្នុងរដ្ឋខារេនជិតដងទន្លេ Salween ដោយមានប្រជាជននៅខាងថៃរាយការណ៍ថា បានលឺស្នូរកាំភ្លើងនិងការផ្ទុះចេញពីខាងក្នុងប្រទេសមីយ៉ាន់ម៉ា៕