បាត់ដំបង៖ ព្រះអង្គ ប្រាក់ ឃុន អ្នកប្រាជ្ញចេះភាសាបាលីស្ទាត់ជំនាញ និង ជាអតីតជាគ្រូបង្រៀនភាសាបាលីជើងចាស់មួយអង្គ នៅល្ងាចថ្ងៃទី ២៦ មេសានេះ បានសុគតហើយក្នុងព្រះជន្ម ៩៦ ព្រះវស្សា ស្ថិតក្នុងវ័យជរាមិនអាចក្រោកនិមន្តទៅណាបាន កំពុងតែសិងនៅលើគ្រែ។
ព្រះតេជព្រះគុណ ប្រាក់ ឃុន ព្រះអង្គជាអ្នកប្រាជ្ញពុទ្ធសាសនាមួយរូបដែលមានស្រុកកំណើតនៅខេត្តតាកែវ។ព្រះអង្គប្រសូតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ១៩២៦ ក្នុងគ្រួសារកសិករមួយ។ កាលពីក្មេងធ្លាប់ចូលសាងផ្នួសបួសរៀនធម៌អាថ៌ចេះយ៉ាងស្ទាត់ជំនាញ ជាពិសេសផ្នែកភាសាបាលី។ ក្រោយបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ក្នុង១៩៥៦ លោកឪក៏បានលាចាកសិក្ខាបទ ហើយបានប្រឡងជាប់ជាគ្រូបង្ហាត់នៅក្រសួងអប់រំជាតិ។
ព្រះអង្គ ប្រាក់ ឃុន បានបន្សល់ទុកនូវស្នាព្រះហស្តយ៉ាងច្រើនជាអនេក ជាពិសេសការរៀបរៀងសៀវភៅធម៌ សៀវភៅភាសាបាលី ការសរសេរចម្លងឡើងវិញនូវសៀវភៅវេស្សន្តរជាតក និងការថតចម្លងជាសំឡេងបកប្រែគម្ពីរធម្មបទដ្ឋកថា។ ក្រៅពីនេះលោកឪក៏បានចំណាយថវិកាកសាងសមិទ្ធផលផ្សេងៗតាមបណ្តាវត្តមួយចំនួន ក្នុងនោះក៏មានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបងផងដែរ។


