
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៦ មេសានេះ បានប្រកាសថានឹងចាក់វ៉ាក់សាំងលើកទី២ នៅថ្ងៃទី ២០ មេសាខាងមុខនេះ។ការចាក់នេះ គឺធ្វើឡើងមុនពេលដែលសម្តេចនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាននៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី ២៤ មេសា ឆ្នាំ២០២១។
តាមរយៈបណ្តាលសង្គមសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល សម្តេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១ ហើយថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យ ដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។
បើតាមសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចត្រូវយកសំណាកពិនិត្យម្តងទៀត ហើយសម្តេចនឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់មួយចំនួន ដែលមានតំណែងជារដ្ឋមន្រ្តី បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)៕