
ចិន៖ អង្គការសុខភាពពិភពលោក WHO អាចនឹងដាក់បញ្ចូលវ៉ាក់សាំងកូវីដ១៩ចំនួន២ប្រភេទរបស់ប្រទេសចិន នៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅចុងខែនេះ។នេះបើតាមលោក Rogério Paulo Pinto de Sá Gaspar ប្រធាននាយកដ្ឋានត្រួតពិនិត្យនៃអង្គការសុខភាពពិភពលោក។
លោក Rogério Paulo Pinto de Sá Gaspar នៅថ្ងៃទី ៩ មេសា បានគូសបញ្ជាថា អង្គការសុខភាពពិភពលោកមានគម្រោងនៅចន្លោះចុងខែមេសា និងដើមខែឧសភា នឹងធ្វើការសម្រេចចិត្តជាចុងក្រោយថាតើត្រូវដាក់បញ្ចូលវ៉ាក់សាំងកូវីដ១៩ចំនួន២ប្រភេទរបស់ប្រទេសចិន គឺស៊ីណូហ្វាម(Sinopharm)និងស៊ីណូវ៉ាក់(Sinovac)នៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់។
លោកបានថ្លែងនៅក្នុងសន្និសីទកាសែតថា “ ចំពោះក្រុមហ៊ុនស៊ីណូហ្វាម និងក្រុមហ៊ុនស៊ីណូវ៉ាក់គឺពួកគេកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ ហើយមានបញ្ហាជាច្រើនគឺទទួលបានចម្លើយរួចហើយ។ ពួកយើងនឹងកោះប្រជុំក្រុមប្រឹក្សាបច្ចេកទេសនៅថ្ងៃទី ២៦ ខែមេសានេះ ដើម្បីវាយតម្លៃវ៉ាក់សាំង។”
បើតាមលោក Rogério Paulo Pinto de Sá Gaspar ប្រសិនបើអ្នកតំណាងនៃក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីរនេះមិនអាចចូលរួមក្នុងកិច្ចប្រជុំបានទេ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនឹងរៀបចំកិច្ចប្រជុំមួយផ្សេងទៀតនៅសប្តាហ៍ដំបូងនៃខែឧសភា។
លោកបញ្ជាក់ថា ការសម្រេចចុងក្រោយលើការដាក់បញ្ចូលវ៉ាក់សាំងកូវីដ១៩ចំនួន២ប្រភេទខាងលើរបស់ប្រទេសចិននៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ នឹងត្រូវធ្វើឡើងនៅចន្លោះចុងខែមេសា និងដើមខែឧសភា៕