Yearendyearend1140x150

គ្រឹះស្ថានសិក្សា៖សាលាឯកជនអាចនឹងជួបវិបត្តិធ្ងន់ធ្ងរ បើស្ថានភាពកូវីដនៅតែមិនថមថយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ភ្នំពេញ៖ សាលាឯកជនអាចនឹងជួបវិបត្តិធ្ងន់ធ្ងរ ប្រសិនបើស្ថានភាពកូវីដនៅក្នុងប្រទេសកម្ពុជានៅតែមិនថមថយ។ ទន្ទឹមនេះតាំងពីផ្អាកការសិក្សានៅក្នុងថ្នាក់រៀនមក គ្រឹះស្ថានឯកជនក៏បានរងផលប៉ះពាល់បាត់បង់នូវប្រាក់ចំណូល ដែលពិបាកក្នុងការទូរទាត់ទៅលើប្រាក់ខែគ្រូបង្រៀន បុគ្គលិកអប់រំ និងបំណុលធនាគារ ជាដើម។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

លោកបណ្ឌិត ហេង វ៉ាន់ដា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ មានលក្ខណៈទ្រង់ទ្រាយធំ ដូច្នេះយើងមិនអាចដឹងថានៅពេលដែលរដ្ឋាភិបាលអាចបិទបញ្ចប់នូវព្រឹត្តិការណ៍នេះបានទេ។ ប៉ុន្តែប្រសិនបើស្ថានភាពកូវីដនៅតែមិនមានការធ្លាក់ចុះ នោះគ្រឹះស្ថានអប់រំឯកជននឹងជួបវិបត្តិផ្សេងៗ ថែមមួយកម្រិតទៀត។ បច្ចុប្បន្ននៅតាមគ្រឹះស្ថានឯកជនទាំងអស់បានរំសាយគ្រូបង្រៀន និងបុគ្គលិកអប់រំឲ្យធ្វើការមកពីផ្ទះ។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា ដោយចាប់តាំងពីថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំបានប្រកាសផ្អាកដំណើរការសិក្សានៅក្នុងថ្នាក់មក គ្រប់គ្រឹះស្ថានឯកជនបានផ្អាកទាំងស្រុង។ បើតាមសន្ទុះនៅថ្ងៃ២០កុម្ភៈមិនថមថយ ដែលបានរាលដាលទៅតាមរោងចក្រ និងផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ សង្គេតឃើញថាមិនទាន់មានការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

នេះជាហេតុដែលស្ថានភាពកូវីដនៅមិនទាន់ធ្លាក់ចុះ ហើយប្រសិនបើស្ថានភាពនេះនៅតែបន្តទៀត នោះបញ្ហាធំៗនឹងកើតមានចំពោះគ្រឹះស្ថានអប់រំឯកជននានា។

ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោកយល់ថា ចំពោះវិធានការដើម្បីជួយសម្រួលនូវផលលំបាករបស់គ្រឹះស្ថានអប់រំឯកជនដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិកូវីដ ខាងសមាគមគ្រឹះស្ថានឧត្តមសិក្សានឹងខិតខំព្យាយាមប្តូរយោបល់រកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យគ្រឹះស្ថានឯកជននៅតែបន្តដំណើរការទៅមុខ។ បន្ថែមនេះ សមាគមនឹងធ្វើការសំនូមពរពីខាងរាជរដ្ឋាភិបាលកម្ពុជាឲ្យជួយសម្របសម្រួលទៅតាមលទ្ធភាពដែលអាចធ្វើបាន។

លោកបណ្ឌិត ហេង វ៉ាន់ដា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយសម្របសម្រួលខាងធនាគារឲ្យមានការយោគយល់ចំពោះគ្រឹះស្ថានអប់រំឯកជនដែលកំពុងរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩។ ជាពិសេស លោកបណ្ឌិត អរគុណចំពោះគណៈកម្មាជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ ដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំនៅតាមសាលាឯកជននានា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង