
(ចិន)លោកចាង ស៊ីនមីន ប្រធានមជ្ឈមណ្ឌលជីវសាស្ត្រនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសចិន បាននិយាយនៅថ្ងៃទី ១៧ មីនានេះថា ថ្នាំ Favipiravir បញ្ចប់ការស្រាវជ្រាវពិសោធព្យាបាលនៅលើមនុស្ស ហើយបានបង្ហាញពីប្រសិទ្ធភាពព្យាបាលជំងឺរលាកកូវីដ-១៩ បានយ៉ាងល្អ។
ដោយមើលឃើញពីសុវត្ថិភាពល្អ ប្រសិទ្ធភាពច្បាស់លាស់ និងភាពអាចរកបាននៃថ្នាំ favipiravir និងឆ្លងកាត់អ្នកឯកទេសធ្វើការស្រាវជ្រាវវិទ្យាសាស្រ្តរួចមក ថ្នាំប្រភេទនេះត្រូវបានណែនាំអោយ បញ្ចូលក្នុងផែនការព្យាបាលព្យាបាលជំងឺរលាកកូវិដ ១៩ ឱ្យបានឆាប់។នេះបើតាមការបញ្ជាក់របស់លោកចាង ស៊ីនមីន។
លោកបានបញ្ជាក់ថា ថ្នាំ favipiravir ត្រូវបានអនុម័តសម្រាប់ការចុះបញ្ជីនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១៤ ហើយចាប់តាំងពីការលក់នៅលើទីផ្សារមកមិនមានប្រតិកម្មអវិជ្ជមានណាមួយត្រូវបានគេមើលឃើញឡើយ ហើយចំពោះការស្រាវជ្រាវព្យាបាលជំងឺ Covid-19វិញ ក៏មិនមានសញ្ញាអវិជ្ជមានណាមួយផងដែរ។
លោកបន្តថា លទ្ធផលស្រាវជ្រាវបង្ហាញថា មានប្រសិទ្ធិភាពចំពោះអ្នកជំងឺCovid-19ដែលត្រូវបានព្យាបាលដោយការប្រើប្រាស់ថ្នាំ favipiravir គឺលទ្ធផលជំងឺវិវត្តន៍ពីវិជ្ជមានទៅជាអវិជ្ជមានវិញមានរយៈពេលខ្លី៕