ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះ បានុឱ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ វ័យ៤៣ឆ្នាំ បានឆ្លងកូវីដ-១៩ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នេះ ដែលមានមុខរបរជា«អ្នកលក់កាហ្វេ» នៅក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ស្រ្តីវ័យ៤៣ឆ្នាំជាអ្នកលក់កាហ្វេ ដែលបានឆ្លងកូវីដខាងលើ មានអាសយដ្ឋាននៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានទៅទិញរបស់របរនៅផ្សារ«ខ្នងក្រពើលិច» ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅថ្ងៃបន្ទាប់ទី៣១ ខែមីនា ស្រ្តីរូបដដែល ត្រូវបានយកសំណាក និងឱ្យធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់បានដឹងថា ស្រ្តីវ័យ៤៣ឆ្នាំខាងលើ បានប៉ះពាល់ផ្ទាល់ជាមួយបងថ្លៃ មានលំនៅដ្ឋានជាប់គ្នា គឺ«លោក ស ប៊ុនថា» មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ ក្រោយមក ស្រ្តីជាអ្នកលក់កាហ្វេខាងលើ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានទទួលលទ្ធផលសំណាកវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះ ស្រ្តីខាងលើកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកមេមត់ ខេត្តត្បូងឃ្មុំ។
ដោយឡែក អ្នកប៉ះពាល់នឹងស្រ្តីខាងលើសរុបចំនួន ៥០នាក់ ក្នុងនោះ អ្នកប៉ះពាល់ផ្ទាល់ចំនួន ១៧នាក់ និងប៉ះពាល់ដោយប្រយោលចំនួន ៣៣នាក់។ ចំណែកទីតាំងចំនួន៣ ដែលជាប់ពាក់ព័ន្ធមានដូចជា៖ ១- ផ្ទះអ្នកផ្ទុកជំងឺកូវីដ-១៩ និងផ្ទះបងថ្លៃ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ២- ផ្សារខ្នងក្រពើលិច ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ៣- ក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងចាត់វិធានស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលខាងលើ សូមទំនាក់ទំនងយកសំណាកនៅ គ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ។
ជាមួយគ្នានេះ ករណីប្រជាពលរដ្ឋ ដែលមានរោគសញ្ញាដូចជា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលខ្លួនស្នាក់នៅ ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរសព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៨៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២/ ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨៕

